Thursday, September 25, 2025
Homeព័ត៌មានជាតិអាសូរណាស់ នាងក្រមុំបាត់មួយយប់សោះ ផ្អើលដល់សមត្ថកិច្ច

អាសូរណាស់ នាងក្រមុំបាត់មួយយប់សោះ ផ្អើលដល់សមត្ថកិច្ច

ខេត្តស្វាយរៀង ៖ នារីវ័យក្មេងម្នាក់ត្រូវក្រុមគ្រួសារអះអាងថា ជាមនុស្សមានជំងឺសរសៃប្រសាទប្រចាំកាយ លុះក្រោយពីដើរបាត់ពីផ្ទះអស់១យប់ ក៏ស្រាប់តែត្រូវបានអ្នកភូមិប្រទះឃើញសាកសពអណ្តែតនៅក្នុងទឹកត្រពាំងមួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យភ្លាមៗ។

ករណីប្រទះឃើញសាកសពនារីវ័យក្មេងអណ្តែតក្នុងទឹកស្រះខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង៤៥នាទីរសៀល ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០  នៅត្រង់ចំណុចត្រពាំងទឹកមួយកន្លែង នៅកណ្តាលវាលស្រែ ស្ថិតក្នុងភូមិស្រម៉ ឃុំស្វាយរំពារ ស្រុកស្វាយទាប។

សាកសពអណ្តែតទឹកខាងលើ មានឈ្មោះ ភិល ស្រីអាំ ភេទស្រី អាយុ២១ឆ្នាំ ជាមនុស្សមានជំងឺសរសៃប្រសាទ (វិកលចរិត) មានលំនៅក្នុងភូមិស្រម៉ ឃុំស្វាយរំពារ ស្រុកស្វាយទាប។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង២និង៤៥នាទីរសៀល ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ មានប្រជាពលរដ្ឋម្នាក់ ឈ្មោះទឹង ណាត់ ភេទប្រុស  អាយុ១៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្រម៉  ឃុំស្វាយរំពារ ស្រុកស្វាយទាប បានរាយការណ៍ប្រាប់សមត្ថកិច្ចថា បានប្រទះឃើញមនុស្សលង់ទឹកស្លាប់នៅក្នុងទឹកត្រពាំងកណ្តាលវាលស្រែ ស្ថិតនៅភូមិស្រម៉ ឃុំស្វាយរំពារ ស្រុកស្វាយទាប។

ភ្លាមៗនោះ សមត្ថកិច្ចក៏បានចុះទៅពិនិត្យដល់កន្លែងកើតហេតុ ទើបបានស្គាល់សាកសពឈ្មោះភិល ស្រីអាំ ភេទស្រី អាយុ២១ឆ្នាំ ជាមនុស្សមានជំងឺសរសៃប្រសាទ (វិកលចរិត) មានលំនៅក្នុងភូមិឃុំខាងលើ ដែលបានបាត់ខ្លួន១យប់ និងត្រូវក្រុមគ្រួសារដើរតាមរកដែរ  តែរកមិនឃើញ បែរជាត្រូវបានអ្នកភូមិប្រទះឃើញសាកសពអណ្តែតនៅក្នុងទឹកស្រះទៅវិញ។

ក្រោយមកសមត្ថកិច្ចជំនាញ រួមជាមួយលោកមេឃុំ និងលោកមេភូមិស្រម៉ បានធ្វើការពិនិត្យសាកសព រួចបញ្ជាក់ថា សាកសពគ្មានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់នោះទេ តាមការសន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយសារលង់ទឹកពិតប្រាដកមែន។

បន្ទាប់ពីពិនិត្យ និងធ្វើកោសល្យវិច័យរួចរាល់ សមត្ថកិច្ចបានប្រគល់សាកសពខាងលើ ទៅឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES