Thursday, September 25, 2025
Homeព័ត៌មានជាតិម៉ែកូន៣នាក់ ដឹកគ្នាតាមរុឺម៉កទាំងយប់ ដើម្បីធ្វើរឿងបែបនេះ

ម៉ែកូន៣នាក់ ដឹកគ្នាតាមរុឺម៉កទាំងយប់ ដើម្បីធ្វើរឿងបែបនេះ

ខេត្តសៀមរាប ៖ ជនសង្ស័យចំនួន៣នាក់ម្តាយកូន ពាក់ព័ន្ធអំពើលួចមានស្ថានទម្ងន់កាត់សោរផ្ទះនៅពេលយប់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ស្នងការខេត្តសៀមរាប សហការជាមួយនគរបាលក្រុងសៀមរាប ចាប់ខ្លួនកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែសីហា  ឆ្នាំ២០២០ ក្នុងភូមិសាស្ត្រក្រុងសៀមរាប។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ៖

ទី១-ឈ្មោះសេន តាំ ភេទស្រី អាយុ៦០ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ទី២-ឈ្មោះរី ភ្លី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិត ប្រាកដ មានលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប (មុខសញ្ញាចាស់)។
ទី៣-ឈ្មោះម៉ាត់ សាលី ភេទប្រុស មុខរបរមិនពិត ប្រាកដ មានលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប (មុខសញ្ញាចាស់)។

ចំណែកវត្ថុតាងពាក់ព័ន្ធបទល្មើសដែលត្រូវសមត្ថកិច្ចដកហូត រួមមាន ម៉ូនីទ័រកំព្យូទ័រ២គ្រឿង ម៉ូទ័រឈូសឈើ២គ្រឿង កន្ត្រៃកាត់ដែក២ កៅអីឈើ២ តុឈើ២ ទូរឈើ១ កូនឈើក្រឡឹង២១គ្រាប់ កង់ជិះ៣គ្រឿង កង់ឡាន៥គ្រាប់ អំពូលភ្លើងហ្វា៤ ខ្សែភ្លើង១ដុំ កាមេរ៉ាសុវត្ថិភាព១០គ្រាប់ ម៉ាស៊ីនត្រជាក់២គ្រឿង និងកែវ១ធុង។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបាននាំយកម៉ូតូដែលគ្មានឯកសារចំនួន២គ្រឿង ម៉ាកសាដូ គ្មានស្លាកលេខ លេខតួលេខម៉ាស៊ីន MBK398CM ១គ្រឿង និងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខសៀមរាប 1H-7186  លេខតួនិងលេខម៉ាស៊ីន ៨៥៨៥៥០៦។

តាមការស្តាមចម្លើយរបស់ឈ្មោះម៉ាត់ សាលី និងឈ្មោះរី ភ្លី បានឆ្លើយសារភាពថា វត្ថុដែលសមត្ថកិច្ចធ្វើការចាប់យកខាងលើ គឺពួកខ្លួន និងគូកនឈ្មោះមិនស្គាល់១នាក់ បានធ្វើសកម្មភាពលួចនាពេលកន្លងមក។

តាមសមត្ថកិច្ចបានបញ្ជាក់ថា ជាក់ស្តែងនៅវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែសីហា ពួកគេទាំង៣នាក់បានជិះម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿង ប្រដាប់ដោយកន្ត្រៃកាត់ដែកឌុបគ្នាចេញពីផ្ទះរបស់ឈ្មោះរី ភ្លី ទៅធ្វើសកម្មភាពកាត់សោរនៅចំណុចឃ្លាំងផ្ទុកសម្ភារមួយកន្លែងស្ថិតនៅក្រុមទី៩ ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ពេលកាត់សោរទ្វារឃ្លាំងបានហើយ ឈ្មោះរី ភ្លី ជាអ្នកនៅលើរ៉ឺម៉កចាំមើលផ្លូវ ចំណែកឈ្មោះម៉ាត់ សាលី និងបក្ខពួកម្នាក់ទៀតជាអ្នកចូលលួចយកសម្ភារដូចជាខាងលើ។

ផ្អែកតាមការស្តាប់ចម្លើយរបស់ឈ្មោះសេន តាំ បានឆ្លើយថា រូបខ្លួនត្រូវជាម្តាយបង្កើតរបស់ជនសង្ស័យឈ្មោះរី ភ្លី ហើយសម្ភារមួយចំនួន មានដូចជា តុឈើកូនក្រឡឹងចំនួន៦គ្រាប់ ម៉ាស៊ីនព្រីន១គ្រឿង ម៉ាស៊ីនត្រជាក់ម៉ាក LG ១គ្រឿង ម៉ាក Panasonic ១គ្រឿង អំពូលភ្លើងម៉ាក FFL ៤គ្រាប់ និងកៅអីជ័រចំនួន១៤ គឺជនមិនស្គាល់ឈ្មោះ២នាក់បានយកទៅផ្ញើនឹងរូបគាត់។

ករណីនេះ សមត្ថកិច្ចបានធ្វើតេស្តរកសារធាត់ញៀន លើឈ្មោះ រី ភ្លី និងឈ្មោះ ម៉ាត់ សាលី លទ្ធផលវិជ្ជមាន។

បច្ចុប្បន្ន សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង៣នាក់ ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES