ស្រីស្អាតធ្មេញច្រពើស កញ្ញារ៉េត ស៊ូហ្សាណា ត្រូវបានហង្សមាស តម្រូវឲ្យចាប់ដៃគ្នាជាមួយកូនប្រុសទី២ លោកព្រាប សុវត្ថិ ឈ្មោះសុវត្ថិ មុនីនាគ ដោយពួកគេសម្ដែង MV ជាមួយគ្នា តាមរយៈបទ ”សង្ស័យ” របស់ហ្សាណា ទទួលបានការចាប់អារម្មណ៍គួរសមពីសំណាក់យុវវ័យព្រោះតែអ្នកទាំង២ លេងស៊ីចង្វាក់គ្នាហើយរូបសម្រស់វិញ គឺស្រីស្រស់ប៉ះប្រុសសង្ហាតែម្ដង។

ទោះជាយ៉ាងណា ការស្និទ្ធស្នាលគ្នាដូចគូស្នេហ៍រវាងស៊ូហ្សាណា និងមុនីនាគ នៅពេលនេះ បានត្រឹមតែជាមិត្តរួមអាជីពប៉ុណ្ណោះ ព្រោះហ្សាណា ធ្លាប់បញ្ចេញសារថា បេះដូងនាងមិនមែននៅទំនេរឡើយ។ ប៉ុន្តែនាងសម្ដែងជាមួយកូនប្រុសទី២ របស់ព្រាប សុវត្ថិ នេះ មើលទៅដូចជាគ្មានការព្រួយបារម្ភខ្លាចសង្សារប្រចណ្ឌនោះទេ។

រ៉េត ស៊ូហ្សាណា ធ្លាប់ចាប់ដៃតារាចម្រៀង Step សម្ដែងជាតួឯកក្នុងរឿងភាគ ”បិសាចគួរឲ្យស្រលាញ់” ធ្វើឲ្យនាងឡើងកូដក្រឺតៗ រហូតត្រូវប៉ាន់ថតស្ពតពាណិជ្ជកម្មធំៗជាច្រើន។ ប៉ុន្ដែនាងធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា មិនទាន់ត្រៀមថតភាពយន្ដថ្មីទៀតទេ ព្រោះតែផ្ដោតលើការសិក្សារនៅមហាវិទ្យាល័យមួយ ច្រើនជាង។

តារាចម្រៀងរូបសម្រស់លេចធ្លោនៅហង្សមាស រូបនេះ ជាមុខសញ្ញានៃការតាមស្នេហ៍ពីសំណាក់ប្រុសៗអ្នកមានលុយ និងមានអំណាច ប៉ុន្ដែតាំងពីចូលច្រៀងនៅហង្សមាស ជិត៤ឆ្នាំនេះ ហ្សាណា មិនធ្លាប់ប៉ះរឿងអាស្រូវស្នេហាឡើយ ព្រោះគ្រប់កម្មវិធីច្រៀងសម្ដែងរបស់នាងតែងតែមានឪពុកម្ដាយតាមជាប់ស្អិតជានិច្ច ទើបធ្វើឲ្យឱកាសនៃការតាមឆក់ស្នេហ៍ពីប្រុសៗទាំងឡាយត្រូវបរាជ័យ។

យ៉ាងណា ហ្សាណា ធ្លាប់បង្ហាញរូបភាពដឹកដៃគូស្នេហ៍ក្នុងសួនផ្កា តែនាងមិនបញ្ចេញមុខប្រុសនោះឲ្យគេឃើញឡើយ គឺព្យាយាមលាក់ជិតឈឹងតែម្ដង។

ដោយឡែក តម្លៃខ្លួនរបស់នាងពេលនេះ គឺច្រៀងតាមឆាកតន្ត្រីធំៗតាមខេត្ត ស៊ីថ្លៃ១កម្មវិធី ក្បែរ២ពាន់ដុល្លារ៕

