នី មុនីនាថ បានសាភាពថាពេលនេះនាងមានសង្សារថ្មីទៀតហើយ ដែលបុរសនោះមិនមែនជាអ្នកធំ ឬអ្នកមានទ្រព្យស្ដុកស្ដម្ភណានៅក្នុងស្រុកឡើយ ប៉ុន្តែអនាគតស្វាមីរបស់នាង គឺជាអ្នកជំនួញអាណិកជនខ្មែរ មកពីប្រទេសអូស្រា្ដលី ដែលជាកំលោះមានវ័យ៣៨ឆ្នាំ ហើយនាងបានស្រលាញ់គ្នារយៈពេលជិត២ឆ្នាំមកហើយគិតមកដល់ពេលនេះ។

មុនីនាថ ថា ចំណងស្នេហាថ្មីនេះមានក្រុមគ្រួសារទាំងសងខាងបានដឹងឮអីចឹងគ្មានអ្វីជាឧបសគ្គទេ ខណៈដែលពេលនេះសង្សាររបស់នាងកំពុងនៅកម្ពុជានៅឡើយ។
ទោះជាយ៉ាងណា នី មុនីនាថ ប្រាប់ថា រហូតមកដល់ពេលនេះ នាងនិងសង្សារមិនទាន់ហ៊ានកំណត់ថ្ងៃរៀបការជាក់លាក់ទេ ប៉ុន្ដែនឹងមិនរំលងប្រពៃណីខ្មែរឡើយគឺត្រូវតែធ្វើពិធីអាពាហ៍ពិពាហ៍នៅពេលវេលាសមស្របនាពេលខាងមុខ។ នាងថា ចំពោះការជ្រើសរើសគូស្នេហ៍ក្នុងស្រុកឬក្រៅស្រុកនោះ មិនជាថ្វីនោះទេ តែសំខាន់គឺនៅលើនិស្ស័យ យល់ចិត្តគ្នា ចេះផ្ដល់កម្លាំងចិត្តឲ្យគ្នា ហើយពេលនេះសង្សាររបស់នាងមានរបស់ទាំងនោះឲ្យនាង។

មុនីនាថ បន្តថា ឆ្នាំនេះនាងមានវ័យ៣០ឆ្នាំ ចំណែកសង្សាររបស់នាងដែលមានសញ្ជាតិអូស្រា្ដលី នោះ មានអាយុបងនាង ៨ឆ្នាំ អីចឹងទោះជាពន្យារពេលរៀបការបន្ដិចទៀតក៏មិនអីដែរ។ នាងថែមទាំងថារូបនាងមិនខ្លាចចំណងស្នេហាថ្មីនេះមានការប្រែប្រួលឡើយ ព្រោះថា ពេលនេះនាងនិងសង្សារកំពុងតែត្រៀមខ្លួនធ្វើខួបកំណើតស្នេហ៍គម្រប់២ឆ្នាំ នាពេលខាងមុខនេះដែរ។

ការប្រកាសសង្សារថ្មីរបស់តារាទឹកភ្នែកនី មុនីនាថ ពេលនេះ គឺស្របពេលដែលមានការសង្ស័យថានាងមានគូស្នេហ៍ថ្មីជាមន្រ្ដីធំនៅក្រោយខ្នង ព្រោះថា ទោះជាពេលនេះអាជីពសិល្បៈរបស់នាងកាន់តែប្រឈមភាពស្ងប់ស្ងាត់ក្ដី ប៉ុន្ដែនាងបែរជាមានទ្រព្យកាន់តែច្រើនទៅៗ ដូចជា កាលពីខែមុន មុនីនាថ បានឡើងផ្ទះវីឡាស្កឹមស្កៃតម្លៃជាង៣០ម៉ឺនដុល្លារ នៅបុរីជីពម៉ុង លែន ទី១ ផ្លូវម៉ុង រិទ្ធី ហើយនាងថែមទាំងជិះរថយន្ដទំនើបៗផ្លាស់ប្ដូរគ្នាជាញឹកញាប់។

ប៉ុន្ដែពេលនេះ មុនីនាថ ចេញមុខបកស្រាយថាសង្សារថ្មីរបស់នាងមិនមែនជាប្រុសនៅក្នុងស្រុកដូចគេគិតនោះទេ តែជាបុរសម្នាក់នៅឯអូស្រា្ដលីឯណោះ។ នាងថា មួយរយៈនេះមានគេតាមសួរនាងច្រើនថា រៀបការពេលណា? សង្សារថ្មីជាអ្នកណា? ឥឡូវនាងសូមឆ្លើយប្រាប់ទៅអ្នកកាសែតតែម្ដងទៅថា អនាគតប្ដីរបស់នាងជាអ្នកជំនួញ ដែលរកស៊ីចេញចូលៗអូស្រា្ដលីមកខ្មែរ មិនមែនជាមនុស្សក្នុងស្រុកនោះទេ។
នី មុនីនាថ ធ្លាប់រងភាពអាម៉ាសដោយសារតែអតីតគូដណ្ដឹងរបស់នាង លោកអ៊ុង សូឡាង ដែលជាអាណិកជនខ្មែរ-អាមេរិក បានប្ដឹងនាង កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ ពីបទឆបោក និងរំលោភលើសេចក្ដីទុកចិត្ត ដោយទាមទារប្រាក់សំណងជំងឺចិត្តចំនួន១០ម៉ឺនដុល្លារអាមេរិក។

ពាក្យបណ្ដឹងនោះបានទៅដល់សាលាដំបូងរាជធានីភ្នំពេញ លោកមេធាវី យិច សម្បត្តិ តាំងពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ប៉ុន្តែរហូតមកដល់ពេលនេះ មានរយៈពេលជិត៣ឆ្នាំទៅហើយ ប៉ុន្ដែសំណុំរឿងនេះបែរជាស្ងាត់មិនដំណើរការទៅវិញ ខណៈដែលលោកសូឡាង បានបង្ហាញក្ដីអស់សង្ឃឹម ដោយលោកទទួលបានព័ត៌មានពីមិត្តភក្ដិលោកថា រឿងក្ដីនេះមានអ្នកធំម្នាក់ចេញមុខអន្ដរាគមន៍ទៅហើយ។

យ៉ាងណា ទាំងមុនីនាថ និងម្ដាយនាង អ្នកស្រីឌី សុភាលី បានចាត់ទុកថា ការលេចឮបែបនេះ ជាចេតនាធ្វើឲ្យកេរ្ដិ៍ឈ្មោះរបស់មុនីនាថ កាន់តែលិចលង់ថែមទៀតប៉ុណ្ណោះ។ មុនីនាថ ហាក់គ្មានទុក្ខកង្វល់ពីរឿងអតីតគូស្នេហ៍ប្ដឹងឡើងតុលាការនោះទៀតទេ ហើយពេលនេះនាងកំពុងតែផ្អែមល្ហែមជាមួយគូស្នេហ៍ថ្មី ប៉ុន្ដែនាងមិនទាន់ហ៊ានបណ្ដើរ ឬកៀកកើយប្រុសអូស្រា្ដលី នោះ ឲ្យគេស្គាល់មុខឡើយ៕ ហ៊ឹម វិចិត្រ