កាលពីឆ្នាំមុន តារាចម្រៀងឲ្យតែមានឱកាសបានចូលហង្សមាស គឺផ្ទុះព័ត៌មានតែម្ដង ដូចជា សុគន្ធ និសា , ឱក សុគន្ធកញ្ញា , សាពូន មីដាដា និងឆន សុវណ្ណារាជ ជាដើម។ ប៉ុន្ដែប៉ុន្មានឆ្នាំចុងក្រោយនេះ តារាចម្រៀងដែលចូលហង្សមាស ទៅជាធម្មតា ដូចគ្នាទៅនឹងការចូលផលិតកម្មផ្សេងៗទៀត មានសាន់ដេ និងថោន ដែរ។

កត្តាប្រែប្រួលនេះមកពីហង្សមាស មានអ្នកចម្រៀងច្រើនដួង ហើយតារាចម្រៀងនៅហង្សមាស ទាំងអស់ មិនមែនសុទ្ធតែល្បីគ្រប់គ្នានោះទេ ដោយមានតារាខ្លះកេរ្ដិ៍ឈ្មោះចាញ់តារានៅខាងក្រៅហង្សមាស ក៏មានដែរ ទើបធ្វើឲ្យមហាជនលែងរំភើប ពេលដែលអ្នកចម្រៀងណាម្នាក់ចូលហង្សមាស។

ដោយឡែក សម្រាប់តារាចម្រៀងល្បីល្បាញទឹកដមសំឡេងក្រអួនក្រអៅ មាស សុខសោភា វិញ ធ្លាប់លេចឮថា ចូលហង្សមាស មិនក្រោម១០ឆ្នាំហើយទេ ប៉ុន្តែទីបំផុត សោភា នៅតែបន្ដច្រៀងនៅខាងក្រៅហង្សមាស ដដែល។
លោកនូ ស៊ិប អតីតតាតាចម្រៀងផលិតកម្មរស្មីហង្សមាស បានឲ្យដឹងថា ការដែលសោភា នៅតែមិនទាន់ក្លាយទៅជាតារាចម្រៀងហង្សមាស គឺដោយសារតែនាងជាតារាល្បី អីចឹងការចូលទៅផលិតកម្មណាមួយសម្រាប់អ្នកល្បី គឺទាល់តែមានការពិភាក្សាគិតគូរឲ្យបានច្បាស់លាស់ណាស់ ទើបអាចទៅរួច។

លោកបន្តថា កត្តាសំខាន់មួយទៀត គឺសោភា មានផលិតកម្មផ្ទាល់ខ្លួន (Camtrax)ដែលបងប្រុសរបស់នាង លោករតនៈ ជាអ្នកបង្កើតអីចឹងហើយបើទៅច្រៀងនៅហង្សមាស គេមិនឲ្យច្រៀងនៅផលិតកម្មខ្លួនឯងទេ ហេតុនេះហើយបានជានាងរារែកមិនទៅច្រៀងហង្សមាស រហូតមកដល់ពេលនេះតែម្ដង។
មាស សុខសោភា បានជ្រកកោននៅផលិតកម្មថោន រយៈពេល៩ឆ្នាំទើបស្ពាយបង្វេចដើរចេញពីទ្រនំនេះ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ហើយពេលនេះនាងមិនទាន់បង្ហាញខ្លួននៅទ្រនំថ្មីឡើយ ខណៈដែលអ្នកជំនាញសិល្បៈបានអះអាងថា ភាគរយខ្ពស់បំផុត សោភា នឹងនៅតែទៅចូលហង្សមាស។

ទោះជាយ៉ាងណា ពេលនេះ សោភា នៅតែមិនចាប់អារម្មណ៍ទ្រនំធំនោះទេ ហើយនាងបានចេញចម្រៀងថ្មីចុងក្រោយ នៅផលិតកម្មផ្ទាល់ខ្លួន Camtrax បទ “ស្រណោះដៃប្ដី” ដែលមានប្ដីនាង លោកអ៊ឹត រ៉ាដា ជាអ្នកគ្រប់គ្រងទៅវិញ។

លោកនូ ស៊ិប បន្ថែមថា សមត្ថភាពរបស់សោភា ទោះជាទៅផលិតកម្មណា ក៏គេទទួលយកដែរ ហើយលោកមានជំនឿចិត្តថា សោភា នឹងនៅតែល្បីទេ ក្រោយចេញពីថោននេះ។

មិនត្រឹមតែអត់ទាន់បង្ហាញទ្រនំថ្មីនោះទេ ប៉ុន្តែមាស សុខសោភា ដែលភ្ជាប់ស្នេហ៍ជាមួយបុរសអាណិកជនខ្មែរ មកពីកាណាដា លោកអ៊ឹត រ៉ាដា រយៈពេលជាង១០ឆ្នាំទៅហើយនោះ នៅតែស្ងាត់ដំណឹងនៃការចូលរោងការដដែល ដោយមានពេលខ្លះនាងថា ចង់រៀបការនៅរយៈពេល២ទៅ៣ឆ្នាំទៀត និងចុងក្រោយនាងថា គ្មានបំណងរៀបការជាចំហឡើយ ទើបធ្វើឲ្យអ្នកដែលចង់ឃើញនាងគ្រងឈុតកូនក្រមុំមែនទែន ដូចសុគន្ធកញ្ញា និងសុគន្ធ និសា នោះ បានត្រឹមខកចិត្ត។

អ្នកខ្លះថា សោភា គេចរឿងរៀបការ ព្រោះនាងខ្លាចក្រាបផ្ទឹមជាចំហ ទៅធ្លាក់កូដហៅលែងឮ តែសោភា បានច្រានចោលការយល់ឃើញបែបនេះ ព្រោះនាងយល់ថា សព្វថ្ងៃគ្រប់គ្នាបានដឹងថា នាងកំពុងរស់នៅជាមួយអ្នកណាដែរ៕ ហ៊ឹម វិចិត្រ