Wednesday, September 24, 2025
Homeព័ត៌មានជាតិគាត់ឆ្លើយទំនងដែរ "ដាំកញ្ឆាជិត១០០ដើម ទុកធ្វើថ្នាំ"... សមត្ថកិច្ចអប់រំ

គាត់ឆ្លើយទំនងដែរ “ដាំកញ្ឆាជិត១០០ដើម ទុកធ្វើថ្នាំ”… សមត្ថកិច្ចអប់រំ

ខេត្តបាត់ដំបង ៖ ទីតាំងដាំដើមកញ្ឆាចំនួន២កន្លែងផ្សេងគ្នា ត្រូវបានសមត្ថកិច្ចចុះបង្ក្រាបនិងនាំខ្លួនស្ត្រីវ័យចំណាស់២នាក់ ដែលជាអ្នកដាំយកទៅធ្វើការណែនាំ ប៉ុន្តែត្រូវបានស្ត្រីចំណាស់ទាំង២នាក់ បានឆ្លើយដោះសារថា ដាំគ្រាន់ទុកធ្វើថ្នាំព្យាបាលជំងឺ ទាំងដែលដើមកញ្ឆាទាំង២ទីតាំង មានចំនួនសរុបជិត៨០ដើមឯណោះ យ៉ាងណា សមត្ថកិច្ចបានតម្រូវឱ្យស្ត្រីទាំង២នាក់ខាងលើ ធ្វើកិច្ចសន្យាបញ្ឈប់ការដាំកញ្ឆាបន្តទៀត។

ការបង្ក្រាបទីតាំងដាំកញ្ឆា២កន្លែងខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ការបង្ក្រាបនេះធ្វើឡើង បន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មានពីអ្នកភូមិថា មានប្រជាពលរដ្ឋលួចដាំដុះដើមកញ្ឆាក្នុងមូលដ្ឋាន ស្ថិតនៅភូមិសម្តេចឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ចំនួន២កន្លែង។

លោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការស្រុកសង្កែ បានឱ្យដឹងថា ដើមកញ្ឆាដែលប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើ លួចលាក់ដាំចំនួន២កន្លែងនោះ ត្រូវបានសមត្ថកិច្ចដកបំផ្លាញចោលសរុបមានចំនួន៧៨ដើម។

លោកអធិការបន្តថា ក្រោយសមត្ថកិច្ចដកបំផ្លាញចោល ក៏បាននាំខ្លួនស្ត្រី២នាក់ដែលជាម្ចាស់ចម្ការ រួមមាន ទី១-ឈ្មោះអឿន រ៉េត ភេទស្រី អាយ៥២ឆ្នាំ រស់នៅភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ និងទី២ឈ្មោះចៅ ផុន ភេទស្រី អាយុ៦០ឆ្នាំ រស់នៅភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ មកធ្វើការសាកសួរ និងអប់រំផងដែរ។

លោកអធិការបន្តទៀតថា ក្រោយពីសមត្ថកិច្ចធ្វើការសាកសួរ ស្ត្រីជាអ្នកដាំកញ្ឆាទាំងពីរនាក់បានឆ្លើយថា ការដាំកញ្ឆារបស់ពួកគាត់ គឺដាំសម្រាប់ប្រើប្រាស់ធ្វើជាឱសថព្យាបាលជំងឺផ្ទាល់ខ្លួនតែប៉ុណ្ណោះ មិនបានជួញដូរទេ។ បើទោះបីចម្លើយរបស់ស្ត្រីទាំងពីរឆ្លើយបែបនេះក៏ដោយចុះ ក៏សមត្ថកិច្ចពិបាកនឹងជឿបានដែរ ព្រោះតែវាមានចំនួនច្រើនផ្ទុយពីការដោះសារ។

ក្រោយសាកសួរ ស្ត្រីទាំងពីរនាក់ត្រូវបានសមត្ថកិច្ចតម្រូវឱ្យធ្វើកិច្ចសន្យាផងដែរ ដោយមិនអនុញ្ញាតឱ្យពួកគាត់បន្តការដាំដុះបន្តទៀតនោះទេ។ ក្នុងនោះ សមត្ថកិច្ចក៏បានណែនាំដល់ពួកគាត់ថា កញ្ឆាត្រូវបានចាត់ចូលទៅក្នុងសារធាតុញៀនដែលច្បាប់បានហាមឃាត់ ទាំងការដាំដុះ ឬការធ្វើអាជីវកម្មជាដើម។

ក្រោយពេលធ្វើកិច្ចសន្យា និងមានការអប់រំណែនាំពួកគាត់រួចមក សមត្ថកិច្ចក៏បានអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញផងដែរ៕

RELATED ARTICLES