ខេត្តពោធិ៍សាត់ ៖ កាលពីវេលារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋឈើតុំ បានចាប់ឃាត់ខ្លួនបុរសជាមេជាងសំណង់ម្នាក់ ករណីឆបោកប្រាក់ជនរងគ្រោះរហូតដល់ទៅ៤នាក់ គ្រាដែលបុរសសង្ស័យរូបនេះបម្រុងឡើងជិះរថយន្តគេចខ្លួន។ ការឃាត់ខ្លួនជនសង្ស័យខាងលើ ដោយធ្វើតាមបណ្តឹងរបស់ម្ចាស់បំណុល ពាក់ព័ន្ធករណីឆបោក។
ប្រភពព័ត៌មានពីសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន បានឱ្យដឹងថា ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននេះ មានឈ្មោះណន ស្មី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមេជាងសំណង់ បច្ចុប្បន្ន ស្នាក់នៅភូមិកប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពសមត្ថកិច្ចដដែលបន្តទៀតថា ការឃាត់ខ្លួនជនសង្ស័យរូបនេះ គឺជាការអនុវត្តតាមបណ្តឹងរបស់ម្ចាស់បំណុលឈ្មោះឈូក រីណា ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ ឈ្មោះវ៉ា សុភាព ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិកប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ និងឈ្មោះលន់ យៀក ភេទប្រុស រស់នៅភូមិទួលត្បែង ឃុំឈើតុំ ស្រុក ក្រគរ និងឈ្មោះរឿន លាង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិកប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយប្តឹងថា ឈ្មោះណន ស្មី ជំពាក់លុយរបស់ពួកគាត់ ហើយបម្រុងឡើងជិះរថយន្តគេចខ្លួន មិនទទួលខុសត្រូវសងបំណុល ទើបពួកគាត់ប្តឹងសមត្ថកិច្ចនគរបាលឱ្យឃាត់ខ្លួនតែម្តង។
ប្រភពដដែល បញ្ជាក់ឱ្យដឹងថា ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានកសាងសំណុំរឿង និងរាយការណ៍ជូនលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីសួរនាំ និងបំពេញនីតិវិធីចាត់ការបន្តតាមច្បាប់៕