Wednesday, September 24, 2025
Homeព័ត៌មានជាតិលោកសៅ សុខា បញ្ជាឱ្យចាប់ប៉េអឹម ស័ក្តិ៤ បាញ់បោះសេរី

លោកសៅ សុខា បញ្ជាឱ្យចាប់ប៉េអឹម ស័ក្តិ៤ បាញ់បោះសេរី

ខេត្តកោះកុង ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យចុះស្រាវជ្រាវករណីផ្ទុះអាវុធខ្លី ដោយនាយទាហាននៃកងរាជអាវុធហត្ថខេត្តកោះកុងម្នាក់ កាលពីល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅក្រុងខេមរភូមិន្ទ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ នេះថា កាលពីម្សិលមិញ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាឱ្យលោកឧត្តមសេនីយ៍ត្រី ថុង ណារ៉ុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង ធ្វើការត្រួតពិនិត្យនិងស្រាវជ្រាវ ករណីផ្ទុះអាវុធខ្លី ដោយនាយទាហាននៃកងរាជអាវុធហត្ថខេត្តកោះកុង ឈ្មោះមាស ដារ៉ាសាផុន អត្តលេខ១៩៦៤៣៤ ឋានន្តរស័ក្តិវរសេនីយ៍ត្រី (ស័ក្តិ៤) មុខងារអនុប្រធានមន្ទីរសម្ភារបច្ចេកទេស។

បើតាមលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី កាលពីម៉ោងប្រមាណ៤រសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ (ផ្លូវជាតិ៤៨ ក្បែរលោកយាយម៉ៅ) មានករណីទំនាស់រហូតដល់ផ្ទុះអាវុធខ្លីចំនួន១គ្រាប់។

លោកបានបញ្ជាក់ថា បច្ចុប្បន្នឈ្មោះ មាស ដារ៉ាសាផុន កំពុងត្រូវបានឃាត់ខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង។ ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា បានអនុវត្តច្បាប់ និងទណ្ឌកម្មវិន័យយ៉ាងម៉ឺងម៉ាត់ចំពោះនាយអាវុធហត្ថណាដែលប្រព្រឹត្តល្មើសច្បាប់ និងល្មើសវិន័យ៕

RELATED ARTICLES