ឱក សុគន្ធកញ្ញា បានទាត់ចោលសំណើស្នេហ៍មន្រ្ដីធំៗជាច្រើននាក់ ដើម្បីមកភ្ជាប់ស្នេហ៍ជាមួយលោកអ៊ឹង សុខលី ដែលជាអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស និងជាប្អូនថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន នោះ ត្រូវបានលោកអ៊ូ វ៉ាវ ដែលជាឪពុករបស់តារាចម្រៀងអ៊ីវ៉ា សរសើរមិនដាច់ពីមាត់ថា សុគន្ធកញ្ញា យកប្ដីត្រូវតែម្ដង។

ការលាន់មាត់សរសើរសុគន្ធកញ្ញា ពេលនេះនៅពេលដែលអ្នកយកព័ត៌មានយើងបានសួរលោកអ៊ូ វ៉ាវ ហៅអូ ចន្ថា ដែលជាតារាចម្រៀងសាន់ដេ នោះថា តើលោកចង់ឲ្យកូនស្រីយកប្ដីជាអ្នកនៅក្នុងរង្វង់សិល្បៈដូចឱក សុគន្ធកញ្ញា ដែរឬអត់ ហើយភ្លាមនោះ លោកវ៉ាវ អះអាងដោយមិនបង្អង់ថា សុគន្ធកញ្ញា យកប្ដីត្រូវ ហើយជាអ្នកដែលដឹងពីអាជីពនាងច្បាស់ ពិសេសគឺបានរៀបការមានខាន់ស្លាត្រឹមត្រូវទៀតផង។

ប៉ុន្ដែលោកវ៉ាវ ថា ចំពោះកូនស្រីរបស់លោក កញ្ញាអ៊ីវ៉ា វិញ លោកមិនហ៊ានអាកាត់ថា នាងនឹងជ្រើសគូបែបណានោះទេ តែទស្សនៈរបស់លោកនៅតែដដែល គឺទុកសិទ្ធិឲ្យនាង ៦០% ជាអ្នកជ្រើសខ្លួនឯង ចំណែករួបលោកវិញ សុំតែ ៤០% ជាអ្នកសម្រេចតាមក្រោយប៉ុណ្ណោះ។

ក្រៅពីមានការសរសើរពីឪពុកតារាចម្រៀងអ៊ីវ៉ា ថា ឱក សុគន្ធកញ្ញា យកប្ដីត្រូវស័ក្តិសមជាមួយអាជីពនាងជាតារាសិល្បៈនោះ កាលពីពេលថ្មីៗនេះ អតីតតារាចម្រៀងហង្សមាស លោកនូ ស៊ិប ក៏បានយល់ឃើញដែរថា ក្រោយសុគន្ធកញ្ញា ក្លាយទៅជាសាច់ឈាមជាមួយថៅកែហង្សមាស មក ពេលនេះឥទ្ធិពលរបស់នាងប្រៀបបានដូចជាថៅកែ ឬម្ចាស់ផលិតកម្មរស្មីហង្សមាស ទៅហើយ។

ដោយឡែក លោកម៉ិញ សុធីវណ្ណ ថា នៅពេលដែលសុគន្ធកញ្ញា ក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាស នោះ ទោះជានាងមានប្ដីកូនក្ដី ប៉ុន្តែនាងនឹងកាន់តែល្បីថែមទៀតជាមិនខាន។

ឱក សុគន្ធកញ្ញា បានរៀបការកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ជាមួយលោកអ៊ឹង សុខលី ហើយនាងសម្រាលកូនកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយដាក់ឈ្មោះថា អ៊ឹង បញ្ញាបុត្រ ហៅ ឆាលី៕


