ភ្នំពេញ ៖ បុរសម្នាក់កើតមានអាការមិនសូវស្រួលខ្លួន ក៏ត្រូវប្រពន្ធនាំទៅមន្ទីរពេទ្យ ស្រាប់តែអកុសលធ្វើដំណើរបានពាក់កណ្តាលផ្លូវ អាការជំងឺធ្វើទុក្ខខ្លាំង ក៏ឈប់សម្រាក រួចក៏ដេកស្លាប់នៅលើចិញ្ចើមផ្លូវ ធ្វើឱ្យស្ត្រីជាប្រពន្ធយំសោកបោកខ្លួនយ៉ាងខ្លាំង។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល៧និង៣៥នាទីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ នៅចំណុចខាងមុខទីតាំងក្រឡុកស៊ីម៉ងត៍ ខាងជើងសាលាសង្កាត់ជើងឯក ប្រហែលជាង៥០ម៉ែត្រ តាមបណ្តោយផ្លូវ២១៧ ហៅផ្លូវចម្ការដូង ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។
បុរសរងគ្រោះខាងលើ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណជាង៣០ឆ្នាំ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើ រួមនឹងប្រពន្ធកូនបានធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ក៏បានឈប់សម្រាកនៅលើចិញ្ចើមផ្លូវសិន ដោយក្នុងនោះបុរសជាប្តីមានអាការមិនស្រួលខ្លួន រួចក៏ស្រាប់តែត្រដរខ្យល់ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង សូម្បីតែស្ត្រីជាប្រពន្ធស្រែកឆោឡោហៅគេឯងឱ្យជួយយ៉ាងណា ក៏គ្មានអ្នកណាអាចជួយសង្គ្រោះបានឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុហើយ ប៉ុន្តែមិនអាចប្រាប់អំពីមូលហេតុបានឡើយ ដោយកំពុងរង់ចាំនគរបាលបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ចុះពិនិត្យធ្វើកោសល្យវិច័យជាក់ស្តែង។
បើយោងតាមការសនិដ្ឋានរបស់ប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ច ជំហានដំបូង ជនរងគ្រោះអាចស្លាប់ដោយសារខ្យល់គរ៕