ខេត្តមណ្ឌលគិរី ៖ ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថា មានករណីប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ត្រង់ចំណុចផ្លូវលំស្ថិតក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ភ្លាមនោះ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋានស្រុកកែវសីមា និងកម្លាំងប៉ុស្តិ៍នគរបាលស្រែខ្ទុម បើកប្រតិបត្តិការពួនស្ទាក់នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ នាវេលាម៉ោង១១និង៥៨នាទីព្រឹក ឃាត់ខ្លួនស្ត្រីម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន និងលាក់ទុកអាវុធខុសច្បាប់។

តាមប្រភពព័ត៌មានពីមន្ត្រីជំនាញ បានឱ្យដឹងថា កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះស្រេង វី ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិអូររអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ប្រភពដដែលបន្តថា នៅពេលដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះស្រេង វី នាំមកសាកសួរ ទើបបន្តនីតិវិធីធ្វើការឆែកឆេរក្នុងលំនៅឋានជនសង្ស័យម្នាក់ទៀត មានឈ្មោះ វណ្ណា វន្នី រកឃើញថង់សម្រាប់វេចខ្ចប់ថ្នាំញៀន និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន ព្រមទាំងដាវកែច្នៃចំនួន១ដើម។

ក្នុងពេលប្រតិបត្តិការ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សសង្ស័យជាសារធាតុញៀន (ice) លាយរួច ចំនួន១កញ្ចប់តូច ទូរសព្ទ័ដៃចំនួន២គ្រឿង ម៉ាក iphone ១គឿង Vphone ខូចចំនួន១គ្រឿង និងប្រាក់រៀលចំនួន៨៦០០០០រៀល ប្រាក់ដុល្លារ១១០ដុល្លារ, ប្រាក់ដុង២០០០០០ដុង លោហៈធាតុពណ៌លឿងកងដៃចំនួន៨ឈុត និងលោហៈធាតុពណ៌លឿងក្រវិល១គូ, លោហៈធាតុពណ៌ស ចិញ្ចៀនចំនួន២វង់ និងម៉ូតូចំនួន១គ្រឿងម៉ាកអ៊ែរប៊្លេត។

ក្រោយឃាត់ខ្លួន ជនសង្ស័យព្រមទាំងវត្ថុតាងដែលដកហូតបាន ត្រូវកម្លាំងជំនាញប្រឆាំងគ្រឿងញៀនខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា នាំយកទៅរក្សាទុក និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕