ខេត្តបាត់ដំបង ៖ បុរសម្នាក់បានដើរឆក់ត្រីនៅតាមវាលស្រែ ស្រាប់តែអកុសល ឆ្លងចរន្តឆក់ខ្លួនឯង បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ នៅចំណុចវាលស្រែ ក្បែរបុរីរស្មីបាត់ដំបង ស្ថិតក្នុងភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង។

ជនរងគ្រោះខាងលើ មានឈ្មោះឌឿង សំណាង ហៅសំ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរធ្វើស្រែ មានលំនៅក្រុមទី១០ ភូមិចម្ការសំរោង២ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះខាងលើបានប្រើប្រាស់ឧបករណ៍កែច្នៃសម្រាប់ឆក់ត្រី ចេញទៅរកឆក់ត្រីនៅតាមវាលស្រែ ត្រង់ចំណុចកើតហេតុខាងលើ លុះក្រោយមកស្រាប់តែឆ្លងចរន្តបណ្តាលឱ្យឆក់ខ្លួនឯងស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។

ក្រោយពីធ្វើការត្រួតពិនិត្យចប់សព្វគ្រប់ មន្ត្រីនជំនាញនគរបាលក្រុងបាត់ដំបង បានសន្និដ្ឋានថា ជនរងគ្រោះពិតបានស្លាប់ដោយសារឆក់ខ្សែភ្លើង (ដោយឧបករណ៍កែច្នៃសម្រាប់ឆក់ត្រី) ប្រាកដមែន។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញនគរបាលក្រុងបាត់ដំបង កំពុងធ្វើកំណត់ហេតុប្រគល់សពទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕