ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលទាំងកណ្តាលអធ្រាត្រ ខណៈជនសង្ស័យមិនស្គាល់មុខបានជិះកង់មកឈប់ ហើយចូលផ្ទះអ្នកភូមិលួចម៉ូតូ ខ្សែក និងទូរស័ព្ទ២គ្រឿង រួចជិះគេចដោយសុវត្ថិភាព ទុកកង់ជាថ្នូរ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ នៅត្រង់ចំណុចភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះភួង សារី អាយុ៥០ឆ្នាំ រស់ក្នុងភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ចំណែកសម្ភារៈដែលបាត់បង់រួមមាន ទូរស័ព្ទចំនួនពីរគ្រឿង ម៉ាក OPPO A5 ពណ៌ខ្មៅ និងម៉ាក iPhone 6s ពណ៌មាស, ខ្សែកប្លាទីនមួយខ្សែ ទម្ងន់០២ជី និងម៉ូតូ១គ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខស្វាយរៀង 1F-0930 ដែលមានលេខតួ RLHHC08038Y 130723 និងលេខម៉ាស៊ីន HC08E 1030723 ជាកម្មសិទ្ធិរបស់ឈ្មោះទេព សុនឌី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន មានលំនៅភូមិសង្កាត់កើតហេតុខាងលើ។

ប្រភពដដែលឱ្យដឹងបន្តថា ចំណែកជនសង្ស័យមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ក្រោយប្រមូលទ្រព្យសម្បត្តិ និងម៉ូតូ រួចបានគេចខ្លួនបាត់ បន្សល់កង់កញ្ចាស់មួយគ្រឿងនៅមុខផ្ទះឱ្យជនរងគ្រោះ។
ប្រភពបន្តថា មុនកើតហេតុ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានជិះកង់មួយគ្រឿង មកទុកចោលនៅផ្ទះរបស់ឈ្មោះឌួង ឡានី រួចកាត់របងលួសចូលទៅដោះកញ្ចក់ទ្វារផ្ទះរបស់ឈ្មោះភួង សារី លួចយកទូរស័ព្ទចំនួនពីរគ្រឿង ១-ម៉ាក OPPO A5 ពណ៌ខ្មៅ ២-ម៉ាក iPhone 6s ពណ៌មាស, ខ្សែកប្លាទីនមួយខ្សែ ទម្ងន់០២ជី និងម៉ូតូ១គ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ រួចជិះគេចខ្លួនដោយសុវត្ថិភាព ទើបម្ចាស់ផ្ទះប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញនៃអធិការដ្ឋាននរគរបាលក្រុងស្វាយរៀង និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង សហការជាមួយប៉ុស្តិ៍រដ្ឋបាលព្រៃឆ្លាក់ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យនិងស្រាវជ្រាវរកមុខសញ្ញា កសាងសំណុំរឿងចាត់ការតាមច្បាប់៕