ខេត្តរតនគិរី ៖ ស្ត្រីក្រីក្រមានផ្ទៃពោះគ្រប់ខែម្នាក់ឈឺពោះសម្រាល ប៉ុន្តែគ្មានមធ្យោបាយធ្វើដំណើរទៅកាន់មន្ទីរពេទ្យ ក៏សុំអន្តរាគមន៍ពីអាជ្ញាធរ លុះទទួលបានដំណឹងនេះភ្លាម កម្លាំងអាវុធហត្ថស្រុកអូយ៉ាដាវ ក៏បញ្ចោញរថយន្ត១គ្រឿង ទៅទទួលនិងបញ្ជូនស្ត្រីមានផ្ទៃពោះខាងលើ ទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីឱ្យក្រុមគ្រូពេទ្យជំនាញជួយសម្រាល។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ។
ស្ត្រីឈឺពោះសម្រាលដែលត្រូវបានកម្លាំងអាវុធហត្ថស្រុកអូយ៉ាដាវ សង្គ្រោះជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យទាន់ពេលនេះ មានឈ្មោះ រចំ ចេង អាយុ២៦ឆ្នាំ ជនជាតិចារ៉ាយ មុខរបរកសិករ មានលំនៅបច្ចុប្បន្នភូមិ-ឃុំ ខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះខាងលើដែលកំពុងមានផ្ទៃពោះគ្រប់ខែ បានឈឺពោះសម្រាល ប៉ុន្តែដោយសារខ្វះមធ្យោបាយធ្វើដំណើរ ដោយសារជីវភាពទីទ័លក្រពេក ណាមួយដោយសារមន្ទីរពេទ្យនៅឆ្ងាយផង ទើបស្នើសុំអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋាន។

ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូយ៉ាដាវ ដឹកនាំដោយលោកវរសេនីយ៍ទោ សុខ មីន មេញ្ជាការស្រុក បានចុះជួយសង្គ្រោះ ដោយបាននាំយករថយន្ត១គ្រឿង ទៅដឹកបញ្ជូនស្ត្រីរងគ្រោះកំពុងមានផ្ទៃពោះខាងលើ ទៅកាន់មណ្ឌលសុខភាពស្រុកអូរយ៉ាដាវ ដើម្បីឱ្យក្រុមគ្រូពេទ្យជំនាញជួយសម្រាលបានទាន់ពេល និងដោយសុវត្ថិភាព៕