ខេត្តសៀមរាប ៖ បុរសម្នាក់នៅសុខៗស្រាប់តែដើរចូលទៅកាន់ទីកន្លែងសក្ការបូជា (ព្រះអង្គចេកព្រះអង្គចម) ដ៏ល្បីស័ក្តិសិទ្ធិកណ្តាលក្រុងសៀមរាប បន្ទាប់មកក៏ធ្វើសកម្មភាពវាយបំផ្លាញច្រានផ្តួលរូបសំណាកព្រះអង្គចេកព្រះអង្គចម ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចដែលប្រចាំការនៅក្បែរនោះ ចុះអន្តរាគមន៍ចាប់វាយខ្នោះនាំយកទៅចាត់ការតាមច្បាប់។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង២៦នាទីព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំណុចក្នុងបរិវេណព្រះអង្គចេកព្រះអង្គចម ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនខាងលើ មានឈ្មោះសុំ វាសនា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។

តាមប្រភពពីមន្ត្រីកម្លាំងនគរបាលខេត្តសៀមរាប ដែលបានប្រចាំការនៅបរិវេណព្រះអង្គចេកព្រះអង្គចម បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនសង្ស័យឈ្មោះ សុំ វាសនា បានដើរចូលទៅក្នុងបរិវេណទីសក្ការព្រះអង្គចេកព្រះអង្គចម រួចក៏ចូលទៅធ្វើសកម្មភាពរុញច្រានផ្តួលរូបសំណាកព្រះអង្គចេកព្រះអង្គចម ទាំងកំរោល ជាហេតុធ្វើឱ្យកើតមានការផ្អើលឆោឡោដល់ប្រជាពលរដ្ឋដែលកំពុងនាំគ្នាចូលទៅអុជធូបបន់ស្រន់ រត់ទៅរាយការណ៍ប្រាប់សមត្ថកិច្ចដែលប្រចាំការនៅក្បែរនោះ ចុះមកជួយអន្តរាគមន៍ភ្លាមៗតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ នាំយកទៅសាកសួរភ្លាមៗ។ លុះបន្ទាប់ពីសមត្ថកិច្ចធ្វើការសួរនាំ ជនសង្ស័យរូបនេះបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រាកដមែន។
បច្ចុប្បន្ន កម្លាំងជំនាញបានរៀបចំកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕