ខេត្តសៀមរាប ៖ លំនៅរបស់ស្ត្រីវ័យចំណាស់ម្នាក់ត្រូវបានអគ្គិភ័យឆាបឆេះ បង្កឱ្យរងការខូចខាតអស់ទាំងស្រុង ដោយមិនទាន់ដឹងមូលហេតុច្បាស់នៅឡើយ បណ្តាលឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ នៅចំណុចក្រុមទី២ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

លំនៅដែលទទួលរងការឆាបឆេះខាងលើ មានទំហំ៥ម៉ែត្រ គុណនឹង៧ម៉ែត្រ សង់ពីឈើជញ្ជាំងក្តារ ប្រក់ដំបូលស័ង្កសី មានម្ចាស់ឈ្មោះឃុន ម៉ៅ ភេទស្រី អាយុ៦៣ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅភូមិសង្កាត់កើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានផ្សែងហុយខ្មួលខ្មាញ់ចេញពីផ្ទះខាងលើ រួចក៏កើតជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ធ្វើឱ្យស្ត្រីចំណាស់ជាម្ចាស់ផ្ទះរត់ចេញមកក្រៅ ស្រែកឆោឡោហៅគេឯងឱ្យជួយ និងត្រូវបានប្រជាពលរដ្ឋក្បែរខាងប្រញាប់រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច ហើយក៏ត្រូវបានសមត្ថកិច្ចបញ្ជូនរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ទឹកពន្លត់ភ្លាមៗ។

នៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ទឹកពន្លត់សរុបចំនួន៧គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន៥ឡាន រួមមាន រថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន។ រថយន្តពន្លត់អគ្គិភ័យអធិការដ្ឋាននគរបាលក្រុងសៀមរាប ចំនួន១គ្រឿង មិនបានប្រើប្រាស់ទឹក។ រថយន្តពន្លត់អគ្គិភ័យអង្គភាពនគរបាលការពារបេតិកភណ្ឌ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន។ រថយន្តពន្លត់អគ្គិភ័យកងរាជអាវុធហត្ថខេត្ត ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន។ និងរថយន្តពន្លត់អគ្គិភ័យអាជ្ញាធរអប្សរា ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន។

តាមការបញ្ជាក់ឱ្យដឹងពីសមត្ថកិច្ច ហេតុការណ៍អគ្គិភ័យខាងលើនេះបានបង្កឱ្យរងការខូចខាតផ្ទះ១ខ្នងទាំងស្រុង រួមនឹងទ្រព្យសម្បត្តិ ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត។ ចំណែកមូលហេតុ មិនទាន់ដឹងច្បាស់នៅឡើយ ហើយពេលនេះសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ៕
