Tuesday, September 23, 2025
Homeព័ត៌មានជាតិគាត់ស្វាងចែសតែម្តង ពេលអស់លុយ២ពាន់ដុល្លារ

គាត់ស្វាងចែសតែម្តង ពេលអស់លុយ២ពាន់ដុល្លារ

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ត្រូវជនសង្ស័យព្រួតវាយបណ្តាលឱ្យរងរបួសបែកក្បាលហូរឈាមស្រោចខ្លួន សង្ស័យជាករណីប្លន់យកទ្រព្យសម្បត្តិ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចខាងមុខក្រុមហ៊ុនលក់រថយន្តតូយ៉ូតា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

បុរសរងគ្រោះខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា គឺជាជនជាតិចិន មានវ័យប្រមាណជាង៣០ឆ្នាំ។

តាមប្រភពព័ត៌មានពីបុរសម្នាក់ជាសន្តិសុខដែលយាមនៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានឃើញបុរស២នាក់ជិះម៉ូតូ២គ្រឿងមកឈប់នៅក្បែរនោះ ហើយនាំគ្នាលើកជនរងគ្រោះដែលដេកសន្លប់ស្តូកស្តឹង និងមានឈាមប្រឡាក់ខ្លួននៅចំណុចកណ្តាលផ្លូវរួចយកមកដាក់អែបចិញ្ចើមផ្លូវនៅចំណុចកើតហេតុ ដោយរូបគាត់ក៏មិនដឹងច្បាស់ថាជាករណីអ្វីនោះទេ។ បន្ទាប់មកក៏មានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវឈប់មើលនិងបានសួរនាំផងដែរ។

តាមប្រភពពីនារីម្នាក់ដែលបានឈប់មើលជនរងគ្រោះ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានធ្វើដំណើរតាមដងផ្លូវ ឃើញជនរងគ្រោះក៏បានឈប់សួរនាំជាភាសាចិន និងត្រូវបានជនជនរងគ្រោះប្រាប់ថា មុនកើតហេតុ រូបគាត់បានស៊ីផឹកជាមួយជនជាតិចិន និងជនជាតិខ្មែរ ដោយមិនបញ្ជាក់ថាផឹកនៅទីណានោះទេ លុះក្រោយពីផឹកស៊ីរួច ក៏បានបែកគ្នានិងត្រឡប់ទៅកន្លែងស្នាក់នៅរៀងខ្លួន។ ចំណែកគាត់ដោយសារស្រវឹងពេក មិនដឹងថាជិះអ្វីមកដល់កន្លែងកើតហេតុទេ ស្រាប់តែមកដល់ ក៏ត្រូវគេវាយនិងយកកាំបិតភ្ជង់កគាត់ ហើយយកលុយគាត់ចំនួន២ពាន់ដុល្លារ និងទូរស័ព្ទដៃមួយគ្រឿង គេចខ្លួនបាត់ទៅ។

បន្ទាប់ពីកើតហេតុ គេឃើញមានសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ បានហៅរថយន្តសង្គ្រោះបន្ទាន់ដឹកជនរងគ្រោះយកទៅព្យាបាលនៅឯមន្ទីរពេទ្យភ្លាមៗ។

សមត្ថកិច្ចបានឱ្យដឹងថា ចំពោះករណីនេះមិនទាន់ដឹងថាជាករណីអ្វីឱ្យពិតប្រាកដនោះទេ ព្រោះជនរងគ្រោះកំពុងតែសង្គ្រោះនៅមន្ទីរពេទ្យ មិនទាន់ធ្វើការសួរនាំបាននៅឡើយទេ៕

RELATED ARTICLES