ភ្នំពេញ ៖ ជនសង្ស័យម្នាក់ជាភេទទី៣ បានលួចចូលក្នុងរបងផ្ទះជួលមួយកន្លែង រួចអូសយកម៉ូតូហុងដាឌ្រីមស៊េរីចាស់មួយគ្រឿង ចេញមកក្រៅ ត្រូវកម្លាំងប្រជាការពារឃើញក៏ឃាត់ខ្លួននិងហៅសមត្ថកិច្ចឱ្យមកយកទៅសួរនាំនៅប៉ុស្តិ៍នគរបាល កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិព្រែកទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនសង្ស័យម្នាក់ជាភេទទី៣ ដើរចុះឡើងៗនៅមុខបន្ទប់ជួលកន្លែងកើតហេតុខាងលើ ស្រាប់តែមួយសន្ទុះក្រោយមក ជនសង្ស័យបានដើរចូលទៅក្នុងរបងផ្ទះជួល ហើយអូសម៉ូតូហុងដាឌ្រីមស៊េរីចាស់ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ កំពត ១A-៩៤៥៨ ចេញមកក្រៅ ក៏ត្រូវកម្លាំងប្រជាការពារឃើញទាន់ ស្រាប់តែជនសង្ស័យ បានផ្តួលម៉ូតូចោល ហើយព្យាយាមរត់គេចទៅផ្ទះរបស់ខ្លួនដែលនៅជិតទីតាំងកើតហេតុ ស្រែកហៅឪពុកម្តាយឱ្យបើកទ្វារឱ្យ តែបើកឱ្យមិនទាន់ផង ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ដើម្បីសាកសួរនាំតែម្តង។

ជនសង្ស័យដែល ត្រូវឃាត់ខ្លួននេះ មានឈ្មោះគង់ រស្មី អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្បែរកន្លែងកើតហេតុខាងលើ។

ក្រោយពេលកើតហេតុ ម្ចាស់ម៉ូតូបានមកដល់ប៉ុស្តិ៍នគរបាល តែមិនបានដាក់ពាក្យបណ្តឹងនោះទេ ព្រោះខ្ជិលវែងឆ្ងាយ។ ដោយឡែក ជនសង្ស័យក៏ត្រូវបានសមត្ថកិច្ចធ្វើតេស្តទឹកនោមរកសារធាតុញៀនឃើញវិជ្ជមាន ទើបកសាងសំណុំរឿងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី៕
