Tuesday, September 23, 2025
Homeព័ត៌មានជាតិជីដូនសោកស្តាយណាស់... ចំណែកឪពុកម្តាយ ក៏ទប់អារម្មណ៍មិនបានដែរ

ជីដូនសោកស្តាយណាស់… ចំណែកឪពុកម្តាយ ក៏ទប់អារម្មណ៍មិនបានដែរ

ខេត្តបន្ទាយមានជ័យ ៖ ដោយសារតែជីវភាពលំបាក ប្តីប្រពន្ធវ័យក្មេងមួយគូសុខចិត្តនាំគ្នាចេញទៅរកការងារធ្វើនៅប្រទេសថៃ ដោយទុកកូនស្រីវ័យមួយខួប ឱ្យជីដូនមើលថែ តែដឹងអី! ជីដូនអាល័យតែអង្គុយលេងភ្លេចខ្លួន ចៅតូចធ្លាក់ចូលពាងទឹកឈ្លក់ស្លាប់យ៉ាងអាណោចអាធ័យ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ នៅភូមិចាន់គិរី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ។

ប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ក្មេងតូចដែលលង់ទឹកពាងស្លាប់យ៉ាងអាណោចអាធ័មនេះ មានឈ្មោះហឿន ស្រីនិច ភេទស្រី អាយុ១ឆ្នាំ រស់នៅភូមិចាន់គីរី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មានឪពុកឈ្មោះរ៉ែម សាយ អាយុ២៦ឆ្នាំ និងម្តាយឈ្មោះ ឈឿន ហឿត អាយុ២០ឆ្នាំ រស់នៅភូមិ-ឃុំ ខាងលើ។

ឪពុកម្តាយសពក្មេងស្រីខាងលើ បានធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ទាំងពីរនាក់ ហើយបានទុកកូនតូចឈ្មោះហឿន ស្រីនិច នៅជាមួយឪពុកម្តាយ ត្រូវជាតាឈ្មោះ ឃឹម ហឿន អាយុ៦១ឆ្នាំ និងយាយឈ្មោះហុត ហឿត អាយុ៥៣ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ ជាអ្នកមើលថែ។

យោងតាមការរៀបរាប់របស់ស្ត្រីឈ្មោះ ហុត ហឿត ជាជីដូន បានឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានឱ្យចៅរត់លេងនៅក្បែរផ្ទះ ហើយគាត់បានដើរមកអង្គុយលេងនៅក្រោមដើមអម្ពិលមុខផ្ទះ ពេលអង្គុយលេងមួយសន្ទុះ ស្រាប់តែបាត់ចៅ ហើយគាត់ដើររកមិនឃើញ ទើបគាត់ដើរទៅមើលពាងទឹកដែលដាក់នៅក្បែរផ្ទះ ក៏ប្រទះឃើញចៅនៅក្នុងពាងស្លាប់បាត់ទៅហើយ ទើបឆោឡោបង្កការភ្ញាក់ផ្អើលរាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យតែម្តង។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញ រួមទាំងគ្រូពេទ្យ បានចុះមកដល់កន្លែងកើតហេតុភ្លាមៗផងដែរ។

យោងតាមការពិនិត្យលើខ្លួនសព មិនមានឃើញស្លាកស្នាមអ្វីផ្សេងដែលគួរឱ្យសង្ស័យឡើយ ហើយក៏បានសន្និដ្ឋានថា ក្មេងរងគ្រោះពិតជាលង់ទឹកពាងស្លាប់ពិតប្រាកដមែន ទើបប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES