Tuesday, September 23, 2025
Homeតារាខ្មែរមាស សុខសោភា មិនបារម្ភស្រុតទីផ្សារ បើទៅជាមិនចូលហង្សមាស

មាស សុខសោភា មិនបារម្ភស្រុតទីផ្សារ បើទៅជាមិនចូលហង្សមាស

មាស សុខសោភា នឹងពិបាកប្រជែងទីផ្សារចម្រៀង ប្រសិនបើតារាចម្រៀងល្បីរូបនេះ មិនចូលហង្សមាស។ នេះជាការលើកឡើងរបស់អ្នកជំនាញសិល្បៈម្នាក់ ដែលតារាចម្រៀងជាច្រើនហៅថា ”លោកគ្រូៗ” តែលោកសុំមិនឲ្យដាក់ឈ្មោះនោះ។

អ្នកជំនាញរូបនោះថា ប្រសិនបើសោភា ចង់បានលេខ១ នាងត្រូវតែចូលហង្សមាស ទើបស័ក្តិសមជាមួយសមត្ថភាពរបស់នាង ហើយអាចប្រជែងទីផ្សារចម្រៀងក្នុងចំណោមតារាខ្លាំងៗតទៅទៀតបាន តែបើចូលខុសពីហង្សមាស គឺពិបាកប្រឈមហើយ។

ថ្វីត្បិតតែមានការលើកឡើងបែបនេះក្ដី ប៉ុន្ដែក្នុងជំនួបកន្លងមក មាស សុខសោភា មិនយល់ឃើញដូចការអះអាងបែបនោះឡើយ។

អតីតតារាចម្រៀងថោន រូបនេះថា បច្ចុប្បន្នទោះជាមិនចូលច្រៀងនៅផលិតកម្មណា ហើយធ្វើបទចម្រៀងខ្លួនឯងក៏អាចល្បីបានដែរ។ សោភា បញ្ជាក់ថា ប្រសិនបើហង្សមាស ចង់បាននាងជាសមាជិករបស់ផលិតកម្មនេះមែន គួរតែមានការយល់ ព្រោះនាងមិនចង់ច្រៀងដោយមានចុះកុងត្រានោះទេ ដោយសារតែនាងជាមនុស្សចូលចិត្តសេរីភាព តែបើឲ្យនាងទៅហើយទាមទារកុងត្រានោះ គឺនាងសុំមិនទៅតែម្ដង។

ភាពជាប់គាំងរវាងតារាចម្រៀងមាស សុខសោភា និងហង្សមាស បន្ដជាប់គាំងដោយសារតែការខ្វែងគំនិតគ្នារឿងសោភា ចង់ច្រៀងដោយគ្មានកុងតា ចំណែកហង្សមាស វិញ ចង់ចុះកុងតា្រចងជើងនាង៥ឆ្នាំ ដូចខេមរៈ សិរីមន្ដ ដែរ ទើបធ្វើឲ្យការចរចាមិនអាចដំណើរការទៅមុខរួច។

ក្រោយការចាកចេញពីផលិតកម្មថោន រយៈពេលជាង២ខែនេះដែរ គេឃើញមាស សុខសោភា មិនទាន់សម្រេចចិត្តទៅទ្រនំថ្មីណាមួយជាផ្លូវការឡើយ គឺនាងបានចេញបទចម្រៀងថ្មីនៅផលិតកម្មផ្ទាល់ខ្លួន Camtrax ដែលគ្រប់គ្រងដោយសា្វមីរបស់នាង លោកអ៊ឹត រ៉ាដា។

ប៉ុន្ដែមាស សុខសោភា ក៏មិនខុសពីឱក សុគន្ធកញ្ញា ដែរ ព្រោះពេលនេះមិនទាន់មានបទចម្រៀងថ្មីណាមួយផ្ទុះដូចមុនទេ តែនាងហាក់មិនបារម្ភពីទីផ្សារចម្រៀងធ្លាក់ចុះឡើយ ព្រោះអំឡុងពេលដែលកូវីដ-១៩ មិនទាន់ស្ងាត់នេះតារាផ្សេងៗទៀត ក៏មិនហ៊ានព្រលែងបទចម្រៀងរបស់ខ្លួនចេញលើទីផ្សារដែរ ហេតុនេះហើយ សោភា នៅតែទប់លំនឹងបាន៕

RELATED ARTICLES