ព្រាប សុវត្ថិ បានបង្ហាញទឹកមុខរីករាយក្នុងកម្មវិធីទទួលស្វាគមន៍លោក របស់ផលិតកម្ម Galaxy Navatra កាលពីល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ នៅសណ្ឋាគារ Garden City បន្ទាប់ពីតារាចម្រៀងជើងចាស់រូបនេះបានដើរចេញពីផលិតកម្មរស្មីហង្សមាស ដែលជាទ្រនំលោកធ្លាប់ច្រៀងនៅទីនោះ រយៈពេល២៣ឆ្នាំមកហើយ។
លោកព្រាប សុវត្ថិ បានលើកហេតុផលថា លោកច្រៀងនៅហង្សមាស ២៣ឆ្នាំ ដែលជារឿងមួយទទួលបានជោគជ័យក្នុងជីវិតរបស់លោក ជារឿងដែលជោគជ័យនៅទីតាំងដែលលោកធ្វើការ។ ភាពជោគជ័យនេះហើយដែលនាំឲ្យលោកមកជួបបងប្អូនទាំងអស់គ្នា។

លោកបន្ថែមថា សូមថ្លែងអរគុណការរួមដំណើរជាមួយគ្នា តាំងពីឆ្នាំ១៩៩៧ រហូតដល់ឆ្នាំ២០២០ ជាអនុស្សាវរីយ៍មួយដ៏ល្អសម្រាប់គ្នា ដែលពួកយើងមិនអាចបំភ្លេចបាន។ លោកថា ការចាកចេញរបស់លោក គឺមានតែស្នាមញញឹម មានតែក្ដីរំភើបសប្បាយ និងការងាររបស់លោកដែលទទួលបានជោគជ័យជាមួយក្រុមហ៊ុន រហូតមកដល់ថ្ងៃនេះ។
លោកបន្ថែមទៀតថា សម្រាប់ឆ្នាំ២០២០ លោកមានគោលដៅ និងទិសដៅសម្រាប់ជីវិតរបស់លោក ព្រោះគិតថា មនុស្សគ្រប់គ្នាប្រាកដជាធ្វើអ្វីក៏ដោយ ក៏មានគោលដៅសម្រាប់ខ្លួនឯងហើយ។ លោកបញ្ជាក់ថា ត្រូវការអ្វីជាគោលដៅជីវិតរបស់លោក និងចង់មានបទពិសោធន៍បន្ដទៅទៀត។
ព្រាប សុវត្ថិ បន្ថែមថា លោកសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនហង្សមាស និងក្រុមគ្រួសាររបស់ហង្សមាស ទាំងអស់ គឺលោកសូមថ្លែងអំណរគុណ។ លោកអះអាងថាយើងបែកគ្នាមែន ប៉ុន្ដែយើងបែកគ្នាមើលឃើញ និងដោយស្នាមញញឹម ហើយយើងនៅក្បែរៗគ្នា។

តាមព័ត៌មានថា មុនទទួលបានព្រាប សុវត្ថិ ធ្វើជាតារាចម្រៀងផលិតកម្ម Galaxy Navatra នេះ ម្ចាស់ផលិតកម្មនេះ លោកឧកញ៉ាឡេង ណាវ៉ាត្រា បានចំណាយថវិការហូតដល់ទៅ៣០ម៉ឺនដុល្លារ ទិញព្រាប សុវត្ថិ និងផ្ដល់ប្រាក់ខែចំនួន៨០០០ដុល្លារ ក្នុងកុងត្រារយៈពេល៥ឆ្នាំ ដែលមានន័យថា ព្រាប សុវត្ថិ នឹងទទួលបានទឹកប្រាក់សរុបចំនួនជិត១លានដុល្លារឯណោះ។
លោកឧកញ៉ាឡេង ណាវ៉ាត្រា ថៅកែផលិតកម្ម Galaxy Navatra បានបំភ្លឺរឿងនេះថា លោកព្រាប សុវត្ថិ ដែលចូលរួមជាមួយគ្រួសារ Galaxy Navatra Group ដែលតែងតែមានព័ត៌មានថា លោកបានចំណាយទឹកប្រាក់ចំនួន៣០ម៉ឺនដុល្លារ និងប្រាក់ប្រចាំខែជិត១ម៉ឺនដុល្លារនោះ វាមិនមែនជាការពិតនោះទេ។ លោកបញ្ជាក់ថា ការចូលរួមរបស់លោកព្រាប សុវត្ថិ គឺមានពីបេះដូងមួយដែលយើងស្រលាញ់សិល្បៈដូចគ្នា។

ថៅកែផលិតកម្មរូបនេះបន្ថែមថា លោកស្រលាញ់សិល្បៈណាស់តាំងពីតូចមក តែលោកមិនអាចមានឱកាសក្នុងការច្រៀងសម្ដែងបានទេ ដោយសារលោកអត់មានសមត្ថភាព។លោកថា បានតាំងចិត្តថា ថ្ងៃណាមួយលោកមានលទ្ធភាព លោកនឹងចំណាយលុយពី២០ទៅ៣០% នៃចំណូលសរុបរបស់លោកដើម្បីធ្វើការងារសិល្បៈហ្នឹង ដើម្បីឈានទៅដល់ការប្រកួតប្រជែងប្រទេសជិតខាង ហើយអាចសង្ឃឹមថា ល្បីនៅលើពិភពលោក។
លោកថៅកែបញ្ជាក់ថា រវាងលោកនិងបងប្រុសព្រាប សុវត្ថិ មានគំនិតដូចគ្នា ហើយគាត់មកដោយការស្រលាញ់យ៉ាងពិតប្រាកដ មិនមានការចំណាយណាមួយទេ។

មហាជនជាច្រើនរង់ចាំមើលថា តើលោកព្រាប សុវត្ថិ ដែលអស់និស្ស័យជាមួយហង្សមាស ត្រឹមឆ្នាំ២០២០នេះ អាចនឹងល្បីឈ្មោះនៅផលិតកម្មថ្មីមួយនេះតទៅទៀត ឬមួយក៏លោកនឹងប្រឈមការចុះខ្សោយជាងមុន?
អ្នកជំនាញសិល្បៈលោកម៉ិញ សុធីវណ្ណ ថា លោកមិនអាចធ្វើការព្យាករណ៍បានទេថា តើព្រាប សុវត្ថិ នឹងល្បីប៉ុនណា ពេលនៅផលិតកម្មថ្មីនេះ ព្រោះអាស្រ័យនៅលើផលិតកម្មនោះ គេលើកឬអត់ និងម្យ៉ាងទៀត លោកក៏មិនបានដឹងថា តើព្រាប សុវត្ថិ ចេញពីហង្សមាស ដោយសន្ដិវិធីឬមានរឿងអី?

ដោយឡែក លោកនូ ស៊ិប ថាផលិតកម្មនីមួយៗ គេមានគោលការណ៍រៀងៗខ្លួន អីចឹងលោកមិនអាចនិយាយទុកជាមុនថា ព្រាប សុវត្ថិ នឹងល្បីខ្លាំងទៀតឬយ៉ាងម៉េចនោះទេ។ ប៉ុន្ដែលោកថា ហង្សមាស នឹងចុះខ្សោយ ពេលដែលតារានាំមុខរបស់ខ្លួនទៅច្រៀងឲ្យផលិតកម្មផ្សេង៕ ហ៊ឹម វិចិត្រ