ខេត្តកំពង់ធំ ៖ បុរសម្នាក់បានដេកចាំខ្ទមចម្ការតែម្នាក់ឯង បែកពីប្រពន្ធ១យប់ លុះព្រឹកឡើងប្រពន្ធទៅអើតមើល ស្រាប់តែប្រទះឃើញប្តីដេកស្លាប់នៅក្នុងមុងបាត់ទៅហើយ បង្កឱ្យមានការភ្ញាក់ផ្អើល រាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យភ្លាមៗ។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅត្រង់ចំណុចតំបន់ឆ្កែជាន់ឃ្មុំ ចម្ងាយពីភូមិតាំងក្រសៅ ៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ។
បុរសរងគ្រោះមានឈ្មោះឡោ ផាត អាយុ៤៨ឆ្មាំ មុខរបរធ្វើចម្ការ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

តាមការបំភ្លឺរបស់ឈ្មោះឯក នីន ភេទស្រី អាយុ៤៣ឆ្នាំ ត្រូវជាប្រពន្ទរបស់ជនរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនពេលកើហេតុ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ប្តីរបស់គាត់បានទៅស៊ីឈ្នួលកាប់ល្បះដីចម្កា នៅតំបន់បោះរវាង ចំណែកគាត់ជាប្រពន្ធបានទៅមើលគោនៅចម្ការនៅតំបន់ឆ្កែជាន់ឃ្មុំ។ លុះដល់វេលាម៉ោង៤រសៀលថ្ងៃដដែល ប្តីបានមកជួយដេញគោ ហើយគាត់ក៏បានទៅដាំបាយនៅខ្ទមចម្ការ រួចទុកឱ្យប្តីនៅតំបន់ខាងលើ ចំណែកគាត់ជាប្រពន្ធក៏ជិះម៉ូតូមកផ្ទះវិញ ទុកឱ្យប្តីដេកតែម្នាក់ឯង។

រហូតមកដល់វេលាម៉ោងប្រមាណ៦ព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ទើបគាត់បានជិះម៉ូតូទៅចម្ការខាងលើវិញ ក៏ឃើញទ្វារខ្ទមបិទ និងឮសំឡេងចំរៀងទូរស័ព្ទ ពេលនោះគាត់បានស្រែកហៅប្តីដែរ តែមិនឮមាត់ឆ្លើយសោះ ទើបរុញទ្វារចូលទៅឃើញ ក៏ប្រទះឃើញប្តីដេកស្លាប់ក្នុងមុងបាត់ទៅហើយ ទើបទូរស័ព្ទប្រាប់កូន និងរាយការណ៍ជូនលោកមេភូមិ។
បន្ទាប់ពីទទូលបានព័ត៌មានភ្លាម សមត្ថកិច្ចជំនាញបានសហការជាមួយលោកគ្រូពេទ្យ និងអាជ្ញាធភូមិ-ឃុំ បានចុះទៅធ្វើការពិនិត្យកន្លែងកើតហេតុ និងសាកសព។

ឆ្លងតាមការពិនិត្យដោយយកចិត្តទុកដាក់ ដោយពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សំគាល់ឡើយ និងបានសន្និដ្ឋានថា ជនរងគ្រោះឈ្មោះ ឡោ ផាត ស្លាប់ដោយជំងឺគាំងបេះដូង ពោលគឺមិនមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌទ្បើយ។
ក្រោយពីបានពិនិត្យចប់សព្វគ្រប់រួចហើយ សមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕