Tuesday, September 23, 2025
Homeតារាខ្មែរពេជ្រ សោភា លេចឮដំណឹងទៅតាមលោកព្រាប សុវត្ថិ

ពេជ្រ សោភា លេចឮដំណឹងទៅតាមលោកព្រាប សុវត្ថិ

ពេជ្រ សោភា ដែលធ្លាប់មានព័ត៌មានកាលពីឆ្នាំមុនថា នាងចង់ដើរចេញពីផលិតកម្មរស្មីហង្សមាស ដែលជ្រកកោនរយៈពេល១៥ឆ្នាំទៅហើយ ដើម្បីទៅចូលរួមជាមួយផលិតកម្មសាន់ដេ តែរហូតមកដល់ពេលនេះនៅតែមិនទាន់ក្លាយទៅជាការពិត ព្រោះនាងនៅតែជាតារារបស់ហង្សមាស ដដែលនោះ ស្រាប់តែពេលនេះលេចឮដំណឹងថ្មីថា សោភា ចង់ចេញពីហង្សមាស ទៅតាមលោកព្រាប សុវត្ថិ នៅផលិតកម្ម Galaxy Navatra ដែរ។

ប្រភពនោះបានឲ្យដឹងថា ពេជ្រ សោភា មានការអាក់អន់ស្រពន់ចិត្ត ជាមួយហង្សមាស ព្រោះរយៈពេលចុងក្រោយនេះ នាងក៏គ្មានបទចម្រៀងថ្មីណាមួយផ្ទុះ គួរឲ្យចាប់អារម្មណ៍ទៀតដែរ ហេតុនេះហើយបានជានាងចង់រើទ្រនំទៅតាមលោកព្រាប សុវត្ថិ ។

យ៉ាងណា ក្នុងជំនួបតាមទូរស័ព្ទកាលពីថ្ងៃទី២៥ ខែសីហា ពេជ្រ សោភា បានទទួលស្គាល់ថា នាងមិនទាន់មានបទថ្មីចេញមែន ប៉ុន្ដែបទចម្រៀងទាំងនោះបានរៀបចំនឹងត្រៀមចេញនៅលើទីផ្សារនៅពេលខាងមុខនេះហើយ ពោលគឺអំឡុងពេលកូវីដ-១៩ ស្ងប់ស្ងាត់ ទើបចេញបទថ្មីៗនោះតែម្ដង។

សោភា ថា ចំពោះដំណឹងដែលគេថា នាងចង់ចេញពីហង្សមាស ទៅតាមព្រាប សុវត្ថិ នៅផលិតកម្មថ្មីនោះ​ ដោយសារតែកន្លងមកនាងធ្លាប់ច្រៀងជាមួយព្រាប សុវត្ថិ អីចឹងគេតែងតែភ្ជាប់អីចឹងហើយ។ ប៉ុន្តែនាងអះអាងថា គ្មានផែនការចេញពីហង្សមាស នោះទេ ប៉ុន្ដែនាពេលខាងមុខ មានរឿងអីកើតឡើងនោះ គ្មានអ្នកណាម្នាក់អាចមើលដឹងជាមុនបានឡើយ។

តារាចម្រៀងរូបនេះនៅតែអះអាងថា នាងមានសេចក្ដីសុខជាមួយហង្សមាស នៅឡើយ ហើយនៅពេលខាងមុខ នាងនឹងចេញបទចម្រៀងថ្មីៗឡើងវិញនោះ នាងជឿថា ការសង្ស័យនាងចេញពីហង្សមាស នោះ នឹងស្ងប់ស្ងាត់ទៅវិញជាមិនខាន។

នៅពេលដែលត្រូវសួរថា ពេជ្រ សោភា មានអារម្មណ៍យ៉ាងណាចំពោះការចាកចេញពីហង្សមាស របស់លោកព្រាប សុវត្ថិ នោះ? សោភា ថា មានការសោកស្ដាយ តែនាងគោរពនូវការសម្រេចចិត្តរបស់ព្រាប សុវត្ថិ។

សោភា ថា កន្លងមកនាងតោងកាលីពព្រាប សុវត្ថិ ទេ ទើបបានល្បីប៉ុណ្ណេះ ហើយសម្រាប់រូបនាងផ្ទាល់នៅតែយល់ថា ទោះជាព្រាប សុវត្ថិ ទៅដល់ណាក៏លោកនៅតែល្បីដដែលទេ។ នាងថា បើគាត់ចេញទៅហើយ ក្នុងនាមជាតារាចម្រៀងធ្លាប់ច្រៀងដៃគូឆ្លងឆ្លើយគ្នា នាងមានតែសូមជូនពរឲ្យលោកព្រាប សុវត្ថិ នៅតែជោគជ័យក្នុងអាជីពចម្រៀងរបស់គាត់តទៅទៀត។

ពេជ្រ សោភា មិនមែនជាតារាចម្រៀងមានកុងត្រាជាមួយផលិតកម្មហង្សមាស នោះទេ ហេតុនេះហើយការសម្រេចចិត្តដើរចេញពីហង្សមាស របស់នាងទៅចូលផលិតកម្មថ្មី គ្មានឧបសគ្គរារាំងឡើយ ប្រសិនបើហង្សមាស ព្រងើយកន្ដើយមិនយកចិត្តទុកដាក់នាង ដោយសារតែមានកូនចៅច្រើនពេកនោះ។

យ៉ាងណា សោភា នៅតែអះអាងថា នាងជាតារាចម្រៀងនៅហង្សមាស ដដែលទេ ហើយអ្នកដែលកំពុងសង្ស័យថា នាងចេញពីហង្សមាស ទៅផលិតកម្មថ្មីដែរនោះ បើនៅតែមិនជឿទៀត មានតែតាមដានមើលទៅចុះថា តើនាពេលខាងមុខនេះ បទចម្រៀងថ្មីៗរបស់នាងនឹងចេញនៅហង្សមាស ទៀត ឬក៏ចេញនៅផលិតកម្មថ្មី?

ចំណែកទាក់ទងរឿងស្នេហាជាមួយប្រុសរូបសង្ហា ឆឹម សក្កដា វិញ សោភា នៅតែថាគ្មានអ្វីប្រែប្រួលនោះទេ គ្រាន់តែមិនទាន់អាចកំណត់ថ្ងៃរៀបការជាក់លាក់បានឡើយ។ នាងថា ធ្លាប់រៀបការម្ដងរួចទៅហើយ អីចឹងនាងមិនចង់រៀបការជាលើកទី២នោះទេ។

តារាចម្រៀងដែលថាមិនទាន់អស់និស្ស័យជាមួយហង្សមាស រូបនេះ ថែមទាំងថា ”មេម៉ាយមានអីមិនល្អ?” ព្រោះទៅណាមកណាមានសិទ្ធិសេរីភាពពេញលេញ៕ ហ៊ឹម វិចិត្រ

RELATED ARTICLES