ភ្នំពេញ ៖ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៤និង៣០នាទីរសៀល កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរប្ញស្សីទី៤ សហការជាមួយកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌ៧មករា បានចាប់ខ្លួនជនសង្ស័យចំនួន២នាក់ ពីបទលួចមានស្ថានទម្ងន់ទោស បន្ទាប់ពីជនទាំងនេះធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីនារីម្នាក់បានសម្រេច តែរត់មិនរួច នៅចំណុចមុខផ្ទះលេខ៦៦EO ផ្លូវលេខ២១៧ ភូមិ៥ សង្កាត់អូរប្ញស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សមត្ថកិច្ចនគរបាលបានឱ្យដឹងថា ជនសង្ស័យទី១-ឈ្មោះឡុង ស៊ុន ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សសាលាប៊ែលធី ស្នាក់នៅផ្ទះ មិនចាំលេខ ផ្លូវជាតិលេខ៥ មិនចាំភូមិ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ។ ជនសង្ស័យ ទី២-ឈ្មោះសឿ ចាន់ឡី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សសាលាយុគន្ធរ ថ្នាក់ទី៩ ស្នាក់នៅផ្ទះលេខមិនចាំ ផ្លូវលេខ២៨៨ ភូមិមិនចាំ សង្កត់អូរឡាំពិក ខណ្ឌបឹងកេងកង។

ចំណែកជនរងគ្រោះ ឈ្មោះព្រហ៊ីម សាម៉ា ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ-អ៊ិស្លាម មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ៨ ផ្លូវជាតិលេខ៦ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
វត្ថុតាង និងសម្ភារចាប់យកពីជនសង្ស័យ រួមមាន ទូរស័ព្ទដៃម៉ាក iPhone XMax ពណ៌ខ្មៅ មានស៊ីមលេខ ០៨៧-៦៥៣៦៤៨ របស់ជនរងគ្រោះ ម៉ូតូ១គ្រឿង ម៉ាកស៊ុយហ្ស៊ុយគីនិច ស៊េរីឆ្នាំ២០២០ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ១U- ១៩៦៣ ជាមធ្យោបាយរបស់ជនសង្ស័យជិះធ្វើសកម្មភាពឆក់។ ទូរស័ព្ទដៃសមត្ថកិច្ចបានប្រគល់ឱ្យជនរងគ្រោះវិញហើយ។

លោកក្រេត សិខរីន អធិការរងនគរបាលខណ្ឌ៧មករា បានឱ្យដឹងថា ជនរងគ្រោះជិះម៉ូតូនិយាយទូរស័ព្ទ ក៏ស្រាប់តែមានជនសង្ស័យខាងលើ ជិះម៉ូតូ១គ្រឿង ម៉ាកស៊ុយហ្ស៊ុយគីនិច ស៊េរីឆ្នាំ២០២០ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ១U-១៩៦៣ មកក្បែរ ហើយក៏ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃជនរងគ្រោះបានសម្រេចរួចគេចខ្លួន ភ្លាមៗនោះជនរងគ្រោះក៏ស្រែកឆោឡោផ្អើលប្រជាពលរដ្ឋតាមផ្លូវដេញតាមជួយកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌ៧មករា ស្ទាក់ចាប់បានជនសង្ស័យតែម្តង។

ជនសង្ស័យទាំង២នាក់ ត្រូវបាននាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕