Tuesday, September 23, 2025
Homeតារាខ្មែរអ្នកនាងអឿន ស្រីមុំ យកព្រះធម៌ រំងាប់ទុក្ខស្នេហ៍

អ្នកនាងអឿន ស្រីមុំ យកព្រះធម៌ រំងាប់ទុក្ខស្នេហ៍

អ្នកមេម៉ាយអឿន ស្រីមុំ ធ្លាប់បានតាំងចិត្តកាលពីឆ្នាំ២០១៩ ថា ចាប់ពីពេលនេះតទៅនាងសច្ចាមិនយកប្ដីអស់១ជីវិតតែម្ដង។ នាងថា ការជួបរឿងស្នេហាមិនដូចបំណងជាច្រើនលើកច្រើនសារ នាំឲ្យនាងលែងទុកចិត្តលើប្រុសណាទៀតហើយ អីចឹងមានតែរស់នៅម្នាក់ឯងទេ ទើបធ្វើឲ្យជីវិតរបស់នាងបានសុខនិងស្ងប់ចិត្ត។

ក្រោយដាក់ផែនការក្នុងជីវិតបែបនេះមក អឿន ស្រីមុំ ច្រើនគ្រងសម្លៀបបំពាក់ពណ៌ស ដូចដូនជី ហើយនាងច្រើនតែទៅសមាធិក្នុងវត្តអារាមតែម្នាក់ឯង និងពេលខ្លះជួបព្រះសង្ឃណែនាំឲ្យនាងធ្វើអារម្មណ៍ឲ្យស្ងប់ក្នុងចិត្ត តាមរយៈការស្វែងយល់ពីព្រះធម៌។ ប៉ុន្តែនាងមិនបានកោសក់បួសជាដូនជីឡើយ។

ទោះជាអឿន ស្រីមុំ គ្មានអារម្មណ៍ស្នេហាប្រុសណាទៀត ហើយចិត្តកាយាថា នាងបូជាតែលើព្រះធម៌ក្ដី ប៉ុន្ដែនាងនៅតែបន្ដច្រៀងសម្ដែងតាមកម្មវិធីជប់លៀងនិងកម្មវិធីផ្សេងៗដដែល ដើម្បីរកថវិកាចិញ្ចឹមជីវិត។ នាងក៏ធ្លាប់ប្រាប់ដែរថា មានគម្រោងចេញទៅច្រៀងសម្ដែងនៅប្រទេសអាល្លឺម៉ង់ ជាមួយលោកឡូយ វណ្ណា តែក្រោយមកនាងក៍សម្រេចចិត្តមិនចេញទៅវិញឡើយ​ព្រោះពេលនេះកូវីដ-១៩​រាងស្ងប់ស្ងាត់បន្ដិច អីចឹងកម្មវិធីផ្សេងៗក្នុងស្រុក​គេចាប់ផ្ដើមធ្វើឡើងវិញខ្លះៗហើយ។

ស្រីមុំ ថា ការងារសិល្បៈនាងនឹងនៅតែបន្ដ តែបើរឿងស្នេហាវិញ នាងស្មាលារហូតហើយ គឺមិនយកប្ដីថ្មីទៀតទេ ទោះជាមានបុរសណាមកសុំស្រលាញ់ ក៏នាងមិនទទួលទៀតដែរ។

គួររំលឹកថា អឿន ស្រីមុំ បានរៀបការ និងរួមរស់ជាមួយអតីតប្ដីជាតន្រ្ដីករ លោកកែវ សុខា រយៈពេលជាង១០ឆ្នាំ ទើបចំណងស្នេហាដល់ផ្លូវបំបែក ដោយស្រីមុំ គ្មានកូន១គ្រាប់ជាប់ខ្លួនឡើយ។

អតីតប្ដីស្រីមុំ ឈឺចាប់ខ្លាំងពេក ក៏រត់ទៅភ្ជាប់ស្នេហ៍ថ្មីជាមួយនារីម្នាក់ទៀត ខណៈដែលភ្លាមៗនោះ ស្រីមុំ រកបានសង្សារថ្មីជាអាណិកជនខ្មែរ​នៅបារាំង និងបង្ហាញរូបភាពឱបថើបគ្នាយ៉ាងផ្អែមល្ហែម។ ប៉ុន្ដែចំណងស្នេហាថ្មីនេះបានតែមួយផ្សែងបារីប៉ុណ្ណោះ ក៏រលត់ទៅវិញ ទើបធ្វើឲ្យអឿន ស្រីមុំ ប្រកាសស្បថថា លែងយកប្ដីថ្មីអស់១ជីវិត ព្រោះតែនាងអស់ជំនឿក្នុងចិត្ត និងយល់ថា លើលោកនេះគ្មានប្រុសណាស្មោះត្រង់ជាមួយនាងឡើយ៕

RELATED ARTICLES