ភ្នំពេញ ៖ ខុនដូមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បន្ទាប់ពីមានភ្ញៀវជក់បារីរួច បោះចោលកន្ទុយបារីពាសវាលពាសកាល ជាហេតុធ្វើឱ្យកើតមានការឆាបឆេះបង្កឱ្យរងការខូចខាតសម្ភារ និងទ្រព្យសម្បត្តិមួយចំនួន។

ករណីអគ្គិភ័យឆាបឆេះខុនដូខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ នៅចំណុចខុនដូមួយកន្លែង តាមបណ្តោយផ្លូវ៣១BT ភូមិសន្សំកុសល សង្កាត់បឹងទំពុងទី១ ខណ្ឌមានជ័យ។
ខុនដូដែលទទួលរងការឆាបឆេះខាងលើ ជាប្រភេទសំណង់ផ្ទះថ្មបេតុង ទំហំ១០ម៉ែត្រគុណនឹង២០ម៉ែត្រ មានម្ចាស់ឈ្មោះអ៊ាវ ធីតា ភេទស្រី អាយុ៤១ឆ្នាំ មុខរបរម្ចាស់ខុនដូ។

តាមប្រភពពីមន្ត្រីជំនាញ បានឱ្យដឹងថា នៅក្នុងហេតុការណ៍នោះ កម្លាំងជំនាញការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញ បានចេញរថយន្តអន្តរាគមន៍ចំនួន២គ្រឿង ដោយប្រើប្រាស់ទឹកអស់២ឡាន ស្មើនឹង៨ម៉ែត្រគូប និងមានរថយន្តជំនួយមកពីបណ្តាលអង្គភាព រថយន្តក្រសួងមហាផ្ទៃ ចំនួន៣គ្រឿង ដោយពុំបានប្រើប្រាស់ទឹកនោះទេ។

ប្រភពដដែលបន្តថា ចំពោះការខូចខាតសម្ភារ រួមមាន ឆេះតង់ផ្សព្វផ្សាយពាណិជ្ជកម្ម និងសម្ភារបន្តិចបន្តូច ប៉ុន្តែពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ហើយក៏មិនបង្កឱ្យមនុស្សណាម្នាក់ទទួលរងរបួស ឬបាត់បង់ជីវិតនោះឡើយ។ ដោយឡែក ចំពោះមូលហេតុគឺបណ្តាលមកពីភ្ញៀវបោះកន្ទុយបារីចោលបង្កជាអគ្គិភ័យ។

យ៉ាងណា ក្រោយពីកម្លាំងជំនាញពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បើកប្រតិបត្តិការបាញ់ទឹកពន្លត់ភ្លាមៗ អគ្គិភ័យខាងលើក៏បានរលត់ទៅវិញទាំងស្រុង នៅវេលាម៉ោង៤និង៥៥នាទីដដែល៕