ខេត្តកណ្តាល ៖ បុរសជាមេជាងសំណង់ម្នាក់បានឡើងទៅលើសំយាបផ្ទះកំពុងសាងសង់មួយកន្លែង ដើម្បីចាប់ជ្រី ស្រាប់តែពេលយកម៉ែត្រដែកកៀរជ្រី ក៏ប៉ះជាមួយនឹងខ្សែកាបភ្លើង បណ្តាលឱ្យឆ្លងចរន្តឆក់ធ្លាក់ចុះពីលើសំយាបផ្ទះដល់ដីស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ នៅចំណុចផ្ទះកំពុងសាងសង់មួយកន្លែង ស្ថិតក្នុងភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ។

បុរសរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់ មានឈ្មោះអាត់ វី អាយុ៥៧ឆ្នាំ មុខរបរមេជាងសំណង់ មានលំនៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ។
តាមការបំភ្លឺរបស់ឈ្មោះអាត់ បូរិន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងសំណង់ ត្រូវជាកូនប្រុសជនរងគ្រោះ និងបានមកធ្វើការជាមួយគ្នា បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ គាត់និងឪពុក ដែលជាមេជាងសំណង់ បានទៅធ្វើផ្ទះឱ្យគេដូចសព្វដង។

លុះក្រោយមក ឪពុកបានឡើងទៅលើយាបខាងមុខដើម្បីចាប់ជ្រី បន្ទាប់មកក៏យកដែកម៉ែត្រកៀរជ្រី ស្រាប់តែអកុសល ដែកម៉ែត្រនោះបានប៉ះខ្សែកាបភ្លើងបណ្តាលឱ្យឆក់ធ្លាក់ចុះមកដី ធ្វើឱ្យកើតមានការផ្អើលឆោឡោនាំគ្នាជួយគក់ច្របាច់រឹតទ្រូង ធ្វើចលនាសង្គ្រោះបឋមដែរ តែឪពុករបស់គាត់នៅតែមិនដឹងខ្លួន ទើបប្រញាប់ដឹកតាមម៉ូតូបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យជម្នះ។
លុះពេលទៅដល់ លោកគ្រូពេទ្យបានសង្គ្រោះដោយដាក់អុកស៊ីហ្សែនភ្លាមៗដែរ តែអកុសល ឪពុករបស់គាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបគ្រូពេទ្យបានប្រគល់សាកសពឱ្យដឹកតាមឡានពេទ្យត្រឡប់មកផ្ទះវិញ រួចរាយការណ៍ជូនសមត្ថកិច្ចចុះធ្វើការពិនិត្យតែម្តង។

តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ និងគ្រូពេទ្យ ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ចរន្តអគ្គិសនីប្រាកដមែន។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕