ខេមរៈ សិរីមន្ដ ដែលស្ពាយបង្វេចចេញពីសាន់ដេ ចូលហង្សមាស ជិត៣ឆ្នាំទៅហើយនោះ មិនទាន់បានក្លាយទៅជាតារាចម្រៀងឈានមុខគេនៅផលិតកម្មមួយនេះទេ ពោលគឺព្រាប សុវត្ថិ ដែលច្រៀងនៅហង្សមាស រយៈពេល២៣ឆ្នាំនោះ គឺនៅតែជាអ្នកចម្រៀងដែលមិនទាន់មានតារារូបណាដណ្ដើមតំណែងពីលោកបានឡើយ។

ទោះជាយ៉ាងណា ការប្រកាសដើរចេញពីហង្សមាស របស់ព្រាប សុវត្ថិ និងចុះកុងត្រានៅផលិតកម្មថ្មី Galaxy Navatra រយៈពេល៥ឆ្នាំ កាលពីថ្ងៃទី២៥ ខែសីហា នោះ នឹងធ្វើឲ្យខេមរៈ សិរីមន្ដ ត្រូវបានគេចាត់ទុកថា ដូចជិះលែងដៃនៅហង្សមាស អីចឹង ព្រោះឱកាសក្ដាប់តំណែងជាតារាចម្រៀងឈានមុខគេនៅផលិតកម្មមួយនេះ មានភាគរយខ្ពស់បំផុត ខណៈដែលមហាជនមើលឃើញថា តាំងពីសិរីមន្ដ ចូលផលិតកម្មនេះមក តារាចម្រៀងដែលពិបាកងើបស្ទុះឡើងទៅមុខរួចនោះ គឺមានដល់ទៅ២ដួងនោះ គឺលោកឆន សុវណ្ណារាជ និងណុប បាយ៉ារិទ្ធ។
ប៉ុន្ដែការដែលខេមរៈ សិរីមន្ដ អាចស្នងតំណែងពីព្រាប សុវត្ថិ បានឬមិនបាននោះ ត្រូវបានអ្នកជំនាញសិល្បៈលើកឡើងថា រងចាំមើលរយៈពេល៣ខែខាងមុខទៀត’អាចដឹងខ្លះៗហើយ ប៉ុន្តែរឹតតែអាចមើលឃើញច្បាស់តែម្ដង គឺប្រើពេល១ឆ្នាំទៅមុខទៀត។

អ្នកធ្វើភ្លេង(Music Composer) នៅហង្សមាស ដែលស្នើសុំមិនឲ្យដាក់ឈ្មោះនោះ បានបង្ហើបថា ពេលដែលព្រាប សុវត្ថិ ចេញពីហង្សមាស ចូលផលិតកម្មថ្មីនោះ គឺតារាចម្រៀងទាំង២ដួង ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ កាន់តែប្រកួតប្រជែងគ្នាខ្លាំងក្លាជាងមុនទៅទៀត ហើយម្ដងនេះមិនមែនតែតារាចម្រៀង និងតារាចម្រៀងប្រជែងគ្នានោះទេ ប៉ុន្ដែផលិតកម្មរស្មីហង្សមាស ក៏មានដៃគូប្រជែងថ្មីទៀតដែរនោះ គឺ Galaxy Navatra នេះតែម្ដង។
លោកថាកុំមើលងាយផលិតកម្មថ្មីនេះ ព្រោះគេធ្វើ MV ១បទ ហ៊ានចំណាយលុយដល់ម៉ឺនដុល្លារ អីចឹងស្រួលមិនស្រួល ចាប់ពីពេលនេះតទៅ មិនថាតែហង្សមាស ទេ តែផលិតកម្មផ្សេងៗទៀតក៍៏អាចចាប់ផ្ដើមងាកមកពង្រឹងការផលិត MV យកគុណភាពដូច Galaxy នេះដែរ ដើម្បីកុំឲ្យចាញ់គេ។

លោកគង់ វិសាល អ្នកដឹកនាំកម្មវិធីប្រគំតន្រ្ដីនៅទូរទស្សន៍បាយ័ន ថា លោកមិនអាចសន្និដ្ឋាបានទេថា តើក្រោយព្រាប សុវត្ថិ ចេញខេមរៈ សិរីមន្ដ នឹងកាន់តែខ្លាំងឬយ៉ាងណា ព្រោះផលិតកម្មគេមានគោលការណ៍របស់គេរៀងៗខ្លួន។
ចំណែកលោកម៉ិញ សុធីវណ្ណ ក៏ថាមិនដឹងគោលការណ៍របស់ហង្សមាស យ៉ាងម៉េចដែរ អីចឹងលោកមិនអាចនិយាយមុនថា អ្នកណានឹងឡើងពេលអត់ព្រាប សុវត្ថិ នោះដែរ។

ដោយឡែក លោកថៃ នរៈសត្យា អតីតអនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រ សិល្បៈនិយាយខ្លីថា លោកសុំមិនអត្ថាធិប្បាយរឿងព្រាប សុវត្ថិ ចេញពីហង្សមាស និងរឿងពាក់ព័ន្ធរឿងមួយនេះទេ។
ខេមរៈ សិរីមន្ដ ធ្លាប់ធ្វើឲ្យព្រាប សុវត្ថិ រង្គោះរង្គើតំណែងម្ដងៗ អំឡុងពេលដែលអ្នកចម្រៀងរូបនេះច្រៀងនៅសាន់ដេ ហើយបទចម្រៀងរបស់គេផ្ទុះស្ទើរគ្រប់បទតែម្ដង។ ប៉ុន្ដែតាំងពីផ្ញើរខ្លួននៅហង្សមាស ជិត៣ឆ្នាំនេះមក លោកសិរីមន្ត ត្រូវបានគេមើលឃើញថា នៅទ្រឹងមិនទាន់អាចវ៉ាព្រាប សុវត្ថិ បានឡើយ តែសិរីមន្ដ ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងតាមទូរស័ព្ទថា មិនអាចប្រៀបធៀបរវាងបទចម្រៀងរបស់លោកនៅសាន់ដេ និងហង្សមាស បានទេ។

លោកថា បើលោកច្រៀងនៅសាន់ដេ បាន១០០០បទ មានន័យថា បទចម្រៀងលោកនៅហង្សមាស ទើបបានជិត១០បទប៉ុណ្ណោះ។
លោកសិរីមន្ត បញ្ជាក់ថា លោកមានផែនការក្នុងជីវិតសិល្បៈច្បាស់លាស់ អីចឹងលោកមិនដើរផ្ទុយពីគោលការណ៍ដែលបានរៀបចំហើយនោះទេ។

ចំពោះចំណងស្នេហារបស់ខេមរៈ សិរីមន្ដ ជាមួយភរិយាកូន៣ អ្នកនាងកុយ ផល្លី នោះ នៅតែគ្មានតម្រុយរឿងដឹកដៃគ្នាចូលរោងការជាចំហឡើយ ក្រោយពីសិរីមន្ដ អះអាងថា លោកនិងប្រពន្ធបានរៀបការជាមួយគ្នា តាំងពីឆ្នាំ២០០៩មកម្ល៉េះ៕
ហ៊ឹម វិចិត្រ