ខេត្តកំពង់ធំ ៖ បុរសម្នាក់បានទៅផឹកស៊ីជុំគ្នាជាមួយអ្នកភូមិ លុះស្រវឹងធ្លាក់ភ្នែកក៏កុម្មង់ចម្រៀងបទ “លារហូត“ ច្រៀង លុះច្រៀងបណ្តើរនិយាយលេងសើចបណ្តើរថា លាហើយបងប្អូនទាំងអស់គ្នា លុះក្រោយមកក៏បែកចែកផ្លូវគ្នាត្រឡប់ទៅផ្ទះវិញដេករៀងខ្លួន ស្រាប់តែពាក់កណ្តាលអធ្រាត្រ ក៏ត្រដរខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។
ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ។

សាកសពជនរងគ្រោះ មានឈ្មោះជា ជឿន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកសិករ មានលំនៅភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ។
តាមការបំភ្លឺរបស់ឈ្មោះកៅ អួ ភេទស្រី អាយុ៥០ឆ្នាំ ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ប្តីរបស់គាត់បានចេញទៅផឹកស្រា និងច្រៀងខារ៉ាអូខេនៅផ្ទះឈ្មោះជា គង់ ហៅវណ្ណា នៅភូមិ-ឃុំជាមួយគ្នា។
លុះពេលផឹកស្រាស្រវឹង ប្តីរបស់គាត់បានកុម្មង់បទចេម្រៀងមួយបទច្រៀង គឺបទ “លារហូត” លុះច្រៀងបណ្តើរ ប្តីគាត់បាននិយាយប្រាប់បងប្អូននៅទីនោះថា ច្រៀងនេះគឺច្រៀងលាហើយបងប្អូនទាំងអស់គ្នាហើយ។ ចំណែកអ្នកគ្រប់គ្នានៅទីនោះ ក៏មិនបានចាប់អារម្មណ៍អ្វីឡើយ និងបាននាំគ្នាស្រែកហ៊ោគ្រប់គ្នា។

ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្តថា លុះពេលផឹកស្រវឹងរៀងខ្លួន ក៏ចែកផ្លូវគ្នាត្រឡប់ទៅផ្ទះសម្រាក លុះមកដល់ផ្ទះ ប្តីរបស់គាត់ក៏បានចូលមកប្រះដេកក្នុងមុងក្បែរគាត់តាមធម្មតា ស្រាប់តែមកដល់វេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ គាត់ក៏ឮសំឡេងប្តីស្រមុកខ្លាំងៗខុសពីធម្មតា ពេលនោះគាត់ក៏ចាប់អំពូលភ្លើងមើល និងស្ទាបខ្លួនប្តី ឃើញថា ប្តីនៅក្តៅខ្លួន ប៉ុន្តែដាស់មិន ក្រោកសោះ ឃើញដូច្នេះគាត់ក៏បានទៅប្រាប់ម៉ែឪ និងបងប្អូនជិតខាងឱ្យមកជួយមើល លុះពេលត្រឡប់មកវិញ ប្តីគាត់បានដាច់ខ្យល់ស្លាប់បាត់ហើយ។
តាមការបំភ្លឺរបស់ឈ្មោះជា សាវ ភេទស្រី អាយុ៣០ឆ្នាំ ត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះ បានប្រាប់ថា កាលពីព្រលប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ បងប្រុសរបស់គាត់ (ជនរងគ្រោះ) ផឹកស៊ីស្រវឹង ក៏ច្រៀងបទ “លារៀងរហូត” រួចក៏និយាយប្រាប់គេឯងនៅទីនោះថា “អញច្រៀងលាអ្នកទាំងអស់គ្នារហូតហើយ!” ស្រាប់តែក្រោយមក នៅវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ខណៈដែលគាត់កំពុងដេកលងលក់ជាមួយក្រុមគ្រួសារនៅក្នុងផ្ទះ ស្រាប់តែឮសំឡេងបងថ្លៃ បាន មកហៅគាត់ និងក្រុមគ្រួសារឱ្យជួយទៅមើលប្តីគាត់ផង លុះទៅដល់បងប្រុសគាត់បានស្លាប់បាត់ទៅហើយ ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យតែម្តង។

ក្រោយពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចជំនាញសហការជាមួយលោកមេភូមិ នាយប៉ុស្តិ៍រដ្ឋបាលកំពង់គោ និងគ្រូពេទ្យមណ្ឌលសុខភាពកំពង់គោ ធ្វើការពិនិត្យសាកសព និងទីកន្លែងកើតហេតុ រួចបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារគាំងបេះដូង ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះទេ។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕