ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង ម៉ាកសេ១០០កូរ៉េ ជារបស់បុរសជនជាតិឥណ្ឌា ម្នាក់បានសម្រេច រួចបណ្តើរម៉ូតូចេញមកក្រៅតាមផ្លូវ ក៏ជួបនឹងកម្លាំងល្បាតប៉ុស្តិ៍នគរបាលរដ្ឋបាលប្ញស្សីកែវ ក៏ឃាត់សួរនាំដឹងថា ម៉ូតូទើបលួចបាន ទើបសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ នៅ ត្រង់ចំណុចផ្ទះជួល ផ្លូវលំ ក្នុងក្រុមទី៧ ភូមិមិត្តភាព សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ។

ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ YADAV RAVINDRA KUMAR ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិឥណ្ឌា ស្នាក់នៅផ្ទះជួល ផ្លូវលំ ក្រុមទី៧ ភូមិមិត្តភាព សង្កាត់ប្ញស្សីកែវ មុខរបរលក់ដូរ។

ចំណែកជនសង្ស័យដែលត្រូវឃាត់ខ្លួនក្នុងអំពើលួចនេះ ឈ្មោះម៉ាន ពៅ ហៅស្វិត ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ម្តុំមាត់ទន្លេ ស្ថិតក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ មុខរបរមិនពិតប្រាកដ។ សម្ភារៈដកហូតមានម៉ូតូម៉ាកសេ១០០កូរ៉េ ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ក-៥៣៨៣-កធ១ ជារបស់ជនរងគ្រោះ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចដដែល ឱ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងល្បាតរបស់ប៉ុស្តិ៍ប្ញស្សីកែវ មកដល់ចំណុចខាងលើក៏បានប្រទះឃើញជនសង្ស័យបណ្តើរម៉ូតូចេញពីផ្លូវលំជិតកន្លែងកើតហេតុ កម្លាំងល្បាតក៏ឃាត់សួរ ទើបដឹងថា ជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះនៅកន្លែងកើតហេតុខាងលើ រួចបណ្តើរចេញមកក្រៅ ក៏ជួបសមត្ថកិច្ចឃាត់ខ្លួនសាកសួរតែម្តង។

ក្រោយពេលឃាត់ខ្លួន ម៉ូតូដែលដកហូតបាន សមត្ថកិច្ចប្រគល់ជូនជនរងគ្រោះយកទៅប្រើប្រាស់វិញ ហើយជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅលើជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់។ ជនសង្ស័យត្រូវបានបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋានខណ្ឌ ដើម្បីបន្តនីតិវិធី៕