Tuesday, September 23, 2025
Homeព័ត៌មានជាតិខំប្រឹងរកលុយ មួយថ្ងៃៗញើសហូរដូចទឹក... មិនគួរមួយប៉ប្រិចភ្នែកអស់បែបនេះ

ខំប្រឹងរកលុយ មួយថ្ងៃៗញើសហូរដូចទឹក… មិនគួរមួយប៉ប្រិចភ្នែកអស់បែបនេះ

ភ្នំពេញ ៖ ស្ត្រីម្នាក់ចេញពីកន្លែងលក់កាហ្វេ ជិះម៉ូតូគោលបំណងត្រឡប់ទៅផ្ទះ ស្រាប់តែត្រូវចោរឆក់កាបូបលុយបានសម្រេច រួចជិះគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះបង្កឱ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះរៀម សុខុន អាយុ៤០ឆ្នាំ មុខរបរលក់កាហ្វេនៅក្បែរស្តុបអាំងទែរកុងទីណង់តាល់ ជាប់ផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង និងមានលំនៅភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ចំណែកសម្ភារៈ បាត់បង់រួមមាន កាបូបស្ពាយ១ ដោយភ្ជាប់ជាមួយមានលុយប្រហែលជា៣០ម៉ឺនរៀល ទូរស័ព្ទដៃម៉ាក VIVO ១គ្រឿង កាតគ្រីម៉ូតូ អត្តសញ្ញាណប័ណ្ណ និងសៀវភៅសន្សំលុយ និងកាតអេធីអឹម។

បើតាមស្ត្រីរងគ្រោះបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាវ៉េវ ពាក់ស្លាកលេខភ្នំពេញ ១CI-១៣៥៧ ដោយធ្វើដំណើរតែម្នាក់ឯងតាមបណ្តោយផ្លូវ២០៥ គោលបំណងត្រឡប់ទៅផ្ទះវិញនៅស្ទឹងមានជ័យ ខណៈជិះម៉ូតូចេញពីកន្លែងលក់បានបន្តិច ក៏ស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូតែម្នាក់ឯងតាមមកពីក្រោយ រួចធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់គាត់បានសម្រេច និងជិះគេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ រួចនាំស្ត្រីរងគ្រោះទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក ដើម្បីសួរនាំ ធ្វើពាក្យបណ្តឹងឱ្យជនរងគ្រោះ ដើម្បីកំណត់មុខសញ្ញាភិនភាគជនសង្ស័យ ស្រាវជ្រាវស្វែងរកឃាត់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES