ប្អូនថ្លៃថៅកែហង្សមាស តារាចម្រៀងឱក សុគន្ធកញ្ញា ដែលធ្លាប់ចាប់ដៃគូច្រៀងឆ្លងឆ្លើយជាមួយលោកព្រាប សុវត្ថិ ដូចជាបទ “លះបង់ឲ្យអ្នកទី៣”, ”រាំអញ្ចេក”, ”លុយជំពាក់ពេលណាសង” និងចម្រៀងជាខ្សែរឿងជាច្រើនបទទៀតនោះ នៅតែមិនទាន់មានប្រតិកម្មជុំវិញការចាកចេញនៃដៃគូចម្រៀងដ៏សំខាន់របស់នាង លោកព្រាប សុវត្ថិ ដែលទៅចុះកុងត្រានៅ Galaxy Navatra ដល់ទៅ៥ឆ្នាំនោះទេ។

ប៉ុន្ដែសុគន្ធកញ្ញា បានថ្លែងសារយ៉ាងខ្លីនៅថ្ងៃដែលព្រាប សុវត្ថិ បង្ហាញខ្លួននៅទ្រនំថ្មីនោះ ដោយវាចាថា ”គ្មានការជួបជុំណា ដែលថាមិនបែកនោះទ”។ នាងថា នេះគ្រាន់តែជាពាក្យចាស់ប៉ុណ្ណោះ ខណៈដែលក្រុមអ្នកគាំទ្រមួយចំនួន យល់ថា សុគន្ធកញ្ញា ចង់និយាយសំដៅដល់លោកព្រាប សុវត្ថិ ដែលចេញពីហង្សមាស នោះ ដោយនាងចាត់ទុកថា ជារឿងធម្មតា ព្រោះតែគ្មានអ្នកណាអាចជួបគ្នាជាអមតៈនោះទេ។

ប៉ុន្តែតារាចម្រៀងរួមក្រុមជាមួយឱក សុគន្ធកញ្ញា គឺពេជ្រ សោភា បានប្រាប់អ្នកយកព័ត៌មានយើងថា នាងមានការសោកស្ដាយចំពោះការចាកចេញរបស់ព្រាប សុវត្ថិ តែនាងគោរពការសម្រេចចិត្តរបស់គាត់ ហើយនាងមានតែជូនពរឲ្យគាត់ជោគជ័យក្នុងអាជីពមួយនេះតទៅទៀត។

ក្រៅពីធ្លាប់ចាប់ដៃគូជាមួយព្រាប សុវត្ថិ ទទួលបានជោគជ័យនោះ ឱក សុគន្ធកញ្ញា ជាអ្នកចម្រៀងស្រីនៅហង្សមាស ដែលមានដៃគូឆ្លងឆ្លើយច្រើនជាងគេ ដូចជា នាងធ្លាប់ច្រៀងជាមួយឆន សុវណ្ណារាជ, ណុប បាយ៉ារិទ្ធិ , នីកូ និងសួន ពិសិដ្ឋ ជាដើម។

ប៉ុន្ដែចាប់តាំងពីសុគន្ធកញ្ញា បានរៀបការកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ និងពេលនេះមានកូន១មក គេមិនទាន់ឃើញបទចម្រៀងរបស់ប្អូនថ្លៃថៅកែហង្សមាស រូបនេះ ផ្ទុះខ្លាំងដូចមុនទៀតទេ ហើយចំពេលដែលលោកព្រាប សុវត្ថិ លែងជាដៃគូឆ្លងឆ្លើយជាមួយនាងទៀត ធ្វើឲ្យសុគន្ធកញ្ញា ពិបាកសង្ឃឹមនឹងបានល្បីដូចកាលនៅក្រមុំ បើទោះជាស្វាមីរបស់នាង លោកអ៊ឹង សុខលី ជាអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស ក៏ដោយ។

លោកនូ ស៊ិប អតីតតារាចម្រៀងហង្សមាស បានយល់ឃើញថា ការដែលហង្សមាស បាត់បង់តារាចម្រៀងជួរមុខគេ ព្រាប សុវត្ថិ នេះ ធ្វើឲ្យផលិតកម្មមួយនេះប្រឈមការចុះខ្សោយជាងមុនជាមិនខានឡើយ៕
