ចាប់ពីពេលនេះតទៅ តារាចម្រៀងស្រីហង្សមាស មានដូចជា ឱក សុគន្ធកញ្ញា , ពេជ្រ សោភា និងសុគន្ធ និសា ជាដើម លែងបានច្រៀងជាដៃគូជាមួយលោកព្រាប សុវត្ថិ ទៀតហើយ ព្រោះតារាជើងចាស់ហង្សមាសរូបនេះ អស់និស្ស័យជាមួយទ្រនំដែលលោកបានផ្ញើខ្លួន២៣ឆ្នាំនេះ តាមរយៈការលោតទៅចូលផលិតកម្ម Galaxy Navatra ជាផ្លូវការ ហើយបានចុះកុងត្រាជាផ្លូវការកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ដោយលោកព្រាប សុវត្ថិ ធ្វើជាតារាចម្រៀងនៅទ្រនំថ្មីនោះ រហូតដល់ឆ្នាំ២០២៥។

អ្នកជំនាញសិល្បៈបានធ្វើការព្រមានមាស សុខសោភា ថាតើ២៣ឆ្នាំ មានប៉ុន្មានដងទៅ?
ការព្រមានបែបនេះ ដោយសារតែគេចង់សំដៅថា អំឡុងពេលដែលព្រាប សុវតិ្ថ ច្រៀងនៅហង្សមាស រយៈពេល២៣ឆ្នាំនោះ មាស សុខសោភា គ្មានឱកាសច្រៀងឆ្លងឆ្លើយនៅលើថាសចម្រៀងជាមួយព្រាប សុវត្ថិ ម្ដងណាឡើយ បើទោះជាអ្នកទាំង២ សុទ្ធតែជាកំពូលតារាចម្រៀងដូចគ្នាក្ដី។

ប៉ុន្ដែនៅពេលដែលព្រាប សុវត្ថិ លែងជាអ្នកចម្រៀងហង្សមាស ទៀត ហើយពេលនេះទៅឈរជើងនៅផលិតកម្មថ្មី Galaxy Navatra ដែលមិនទាន់មានដៃគូចម្រៀងស្រីនោះ គេជឿថា បើមាស សុខសោភា ចូលផលិតកម្មមួយនេះ ហើយចាប់ដៃគ្នាច្រៀងឆ្លងឆ្លើយជាមួយព្រាប សុវត្ថិ នោះ អ្នកទាំង២ នឹងបង្កើតប្រវត្ដិសាស្រ្ដថ្មីក្នុងទីផ្សារចម្រៀងដែលអាចនិយាយបានថា ពេលសំឡេងតារាទាំង២ ប៉ះគ្នា ទស្សនិកជនរូបណាក៏ស្ដាប់ដែរ។
មាស សុខសោភា នឹងត្រូវបានគេព្យាករណ៍ថា នាងនឹងក្លាយទៅជាតារាចម្រៀងស្រីលេខ១ភ្លាមប្រសិនបើក្លាយទៅជាតារាចម្រៀងដៃគូជាមួយព្រាប សុវត្ថិ នោះ។

អ្វីដែលគួរឲ្យកត់សម្គាល់នៅពេលនោះផងដែរ គឺតារាចម្រៀងស្រីជួរមុខទាំងអស់ចាប់ផ្ដើមរង្គោះរង្គើ ព្រោះពិបាកប្រឈមជាមួយមាស សុខសោភា។
អ្នកជំនាញសិល្បៈរូបនោះថា តើមាស សុខសោភា នៅរារែកចិត្តដល់ណាទៀត? ឱកាសមានមកដល់ហើយចាំអីទៀត? លោកថា នេះជាពេលវេលាមានតែម្ដងគត់សម្រាប់មាស សុខសោភា តែបើនាងមិនទទួលទេ គឺគ្មានពេលទៅឈរលេខ១ ឡើងដាច់ពីឱក សុគន្ធកញ្ញា និងពេជ្រ សោភា បានឡើយ។

មាស សុខសោភា បានដើរចេញពីផលិតកម្មថោន ជាង២ខែទៅហើយ ក្រោយនាងផ្ញើខ្លួននៅផលិតកម្មមួយនេះ រយៈពេល៩ឆ្នាំ។ សោភា មិនទាន់ទៅចុះកុងត្រានៅផលិតកម្មណាមួយទេ បើទោះជាកន្លងមក លេចឮថា នាងត្រូវបានផលិតកម្មរស្មីហង្សមាស តាមចែចូវជាច្រើនឆ្នាំហើយក្ដី ប៉ុន្តែពេលនេះនាងនៅច្រៀងផលិតកម្មផ្ទាល់ខ្លួន Camtrax ដែលគ្រប់គ្រងដោយស្វាមីរបស់នាង លោកអ៊ឹត រ៉ាដា ។

សោភា ធ្លាប់និយាយប្រាប់អ្នកយកព័ត៌មានយើងថា លោកព្រាប សុវត្ថិ និយាយប្រាប់នាងថា ចង់ច្រៀងជាមួយនាង ហើយរូបនាងផ្ទាល់ក៏ចង់ច្រៀងជាមួយលោកដែរ។
ទោះជាយ៉ាងណា នាងថា មិនចង់ទៅច្រៀងផលិតកម្មណាដែលមានការចុះកុងត្រានោះទេ ដោយសារនាងចង់ធ្វើការដោយមានសេរីភាពពេញលេញ។ ប៉ុន្ដែអំឡុងពេលដែលព្រាប សុវត្ថិ ដើរចេញពីហង្សមាស នេះ គេជឿថា ភាគរយតិចបំផុតដែលសោភា នឹងទៅចូលហង្សមាស តែបែរជាមានភាគរយខ្ពស់ដែលនាងអាចនឹងទៅចូល Galaxy Navatra ព្រោះដើម្បីចាប់ដៃជាមួយលោកព្រាប សុវត្ថិ។

អ្នកជំនាញសិល្បៈរូបនោះថែមទាំងដាស់តឿនមាស សុខសោភា ថា បើសិនជានាងពន្យារពេលទៅតាមព្រាប សុវត្ថិ ទៀតនោះ យ៉ាងយូរ៣ខែទៀត ព្រាប សុវត្ថិ នឹងរកបានដៃគូថ្មីជាតារាចម្រៀងស្រីណាផ្សេង ក្រៅពីនាងជាមិនខាន៕ ហ៊ឹម វិចិត្រ