ខេត្តបន្ទាយមានជ័យ ៖ លំនៅដ្ឋានរបស់ស្ត្រីមេម៉ាយម្នាក់ត្រូវបានអគ្គិភ័យឆាបឆេះទាំងកណ្តាលយប់ ដោយសារមូលហេតុ ឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) ធ្វើឱ្យកើតជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ខណៈដែលស្ត្រីជាម្ចាស់ផ្ទះបានព្យាយាមដាស់ចៅៗ៣នាក់ឱ្យភ្ញាក់ពីដំណេក រួចនាំគ្នារត់ចេញពីអណ្តាតភ្លើងរួចរស់ជីវិត ប៉ុន្តែផ្ទះវិញត្រូវភ្លើងឆេះស្ទើរទាំងស្រុង។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ។
លំនៅដ្ឋានដែលទទួលរងការឆាបឆេះខាងលើនេះ មានទំហំបណ្តោយ១០ម៉ែត្រ ទទឹង៧ម៉ែត្រ ធ្វើពីឈើលើថ្មក្រោមដំបូលប្រក់ស័ង្កសី ជញ្ជាំងក្តារ មានម្ចាស់ឈ្មោះស្មុក មុំ ភេទស្រី អាយុ៤៧ឆ្នាំ ជាស្ត្រីមេម៉ាយ រស់នៅជាមួយចៅតូចៗ នៅភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីហេតុការណ៍គ្រោះ អគ្គិភ័យនេះ លោកបានដឹកនាំកម្លាំងនគរបាលស្រុកនិងប៉ុស្តិ៍រដ្ឋបាល និងរថយន្តពន្លត់អគ្គិភ័យ១គ្រឿងចុះជួយអន្តរាគមន៍ពន្លត់ ដោយមានការចូលរួមពីប្រជាពលរដ្ឋផងដែរ។

លោកអធិការ បានបន្តថា តាមការរៀបរាប់ពីស្ត្រីជាម្ចាស់ផ្ទះ នៅមុនពេលកើតហេតុ រូបគាត់និងចៅៗចំនួន៣នាក់ដេកនៅខាងក្រោម ចំណែកខាងលើគ្មានមនុស្សដេកទេ ហើយភ្លើងបានចាប់ផ្តើមឆេះពីខាងលើ រួចបានធ្លាក់រងើកភ្លើងមកខាងក្រោមផ្ទះ ត្រូវចង្ក្រានហ្គាសផ្ទុះភ្លើងឆេះកាន់តែខ្លាំង ហើយគាត់និងចៅតូចៗនាំគ្នារត់ចេញមកក្រៅផុតពីគ្រោះថ្នាក់ ដោយមិនបានយកអ្វីទាន់នោះឡើយ។
លោកអធិការ បានបញ្ជាក់ថា ចំពោះសម្ភារនៅក្នុងផ្ទះដែលទទួលរងការឆាបឆេះរួមមាន ប្រាក់បាតអស់ចំនួន១៥ម៉ឺនបាត លោហធាតុពណ៌លឿង ចំនួន១វង់ ទម្ងន់៥ជី ម៉ាស៊ីនត្រជាក់១គ្រឿង ទូទឹកកក១គ្រឿង ចង្ក្រានហ្គាស៣គ្រឿង គ្រែដេកចំនួន១ រួមនឹងសម្ភារប្រើប្រាស់មួយចំនួនទៀត ។
លោកអធិការ បានបញ្ជាក់ឱ្យដឹងទៀតថា ផ្ទះខាងលើត្រូវរងការខូចខាតអស់ប្រមាណជា៨០ភាគរយ ហើយតាមការសន្និដ្ឋានជាជំហានដំបូង គឺបណ្តាលមកពីទុស្សេខ្សែភ្លើងនៅផ្ទះឈើខាងលើ បន្ទាប់មកក៏ធ្លាក់ដុំភ្លើងមកក្រោមត្រូវនឹងចង្ក្រានហ្គាស បង្កឱ្យកាន់តែឆាបឆេះខ្លាំង។

ពេលរថយន្តពន្លត់អគ្គិភ័យទៅដល់ ភ្លើងបានឆាបឆេះសន្ធោសន្ធៅទៅហើយ និងត្រូវបានសមត្ថកិច្ចបាញ់ទឹកអស់១រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍បាន និងមិនមានរាលដាលដល់ផ្ទះអ្នកជិតខាង។
ហេតុការណ៍គ្រោះអគ្គីភ័យនេះ ពុំបណ្តាលឱ្យរងគ្រោះថ្នាក់ដល់ម្ចាស់ផ្ទះនោះឡើយ ខូចខាតតែផ្ទះ ទ្រព្យសម្បត្តិមួយចំនួនប៉ុណ្ណោះ៕