ភ្នំពេញ ៖ យុវជនម្នាក់បានកើតមានជំងឺរ៉ាំរ៉ៃប្រចាំកាយព្យាបាលមិនជាសោះ លុះអាការជំងឺធ្វើទុក្ខកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយ ថ្ងៃរហូតដល់ទ្រាំលែងបានក៏ក្រាបសំពះលាឪពុកម្តាយ លុះឪពុកសួរនាំ ថាទៅណា? កូនប្រុសបែរជាឆ្លើយថា ស្រេចតែខ្ញុំ រួចក៏រត់ទៅចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ករណីចងកធ្វើអត្តឃាតខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅចំណុចលើដើមត្របែកព្រៃ ក្បែរវាលស្រែជាប់ដីឡូត៍មួយកន្លែង ស្ថិតក្នុងភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ។
យុវជនគិតខ្លីដែលចងកសម្លាប់ខ្លួន មានឈ្មោះសំរ៉ង ដេត អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ធ្វើការ និងស្នាក់នៅក្នុងមូលដ្ឋានកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះបានកើតមានជំងឺប្រចាំកាយ (ឬសដូងបាត) ជាយូរមកហើយ ទោះជាព្យាបាលយ៉ាងណាក៏មិនជាសោះ។ លុះមកដល់ល្ងាចថ្ងៃ៣០ ខែសីហា ឆ្នាំ២០២០ ជនរងគ្រោះបានចូលទៅក្រាបសំពះលាឪពុកម្តាយ រួចនិយាយថា កូនទៅហើយ លុះពេលឪពុកសួរឯងទៅណា? ជនរងគ្រោះបានឆ្លើយថា ស្រេចតែខ្ញុំ និយាយរួចក៏ដើរចេញពីផ្ទះបាត់ទៅ។
ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ មានប្រជាពលរដ្ឋដឹកប្រពន្ធទៅធ្វើការបានក្រឡេកឃើញជនរងគ្រោះចងកលើដើមត្របែកព្រៃ ក៏មានការភ្ញាក់ផ្អើលរត់ទៅប្រាប់អ្នកភូមិ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ។
ក្រោយទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកើតហេតុ និងបានរាយការណ៍បន្តទៅកាន់ខាងជំនាញចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា នៅលើខ្លួនប្រាណសាកសពមានស្នាមជាំទ្រុឌជុំវិញក ចំណែកខ្លួនប្រាណត្រូវសត្វស្រមោចរោមទៀតផង។

តាមការសន្និដ្ឋាន ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន ដោយប្រើខ្សែនីឡុងពណ៌ស ប្រវែងកន្លះម៉ែត្រ ចងកជាប់នឹងមែកដើមត្របែកព្រៃ បណ្តាលឱ្យដាច់ខ្យល់ស្លាប់។ មូលហេតុ ដោយសារជនរងគ្រោះធុញថប់នឹងជំងឺរ៉ាំរ៉ៃប្រចាំកាយព្យាបាលមិនជា ទើបសម្រេចចិត្តគិតខ្លីបែបនេះ។
សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕