Tuesday, September 23, 2025
Homeតារាខ្មែរល្បីព្រាប សុវត្ថិ ចេញពីហង្សមាស ដោយសារមានរឿងបែបនេះ អ្នកនិពន្ធចេញមុខ...

ល្បីព្រាប សុវត្ថិ ចេញពីហង្សមាស ដោយសារមានរឿងបែបនេះ អ្នកនិពន្ធចេញមុខ…

លោកកៅ សីហា ដែលជាអ្នកនិពន្ធ និងដឹកនាំសម្ដែងខារ៉ាអូខេនៅផលិតកម្មរស្មីហង្សមាស នោះ បានចេញមុខមកអះអាងថា លោកមិនជឿថា ការចាកចេញពីហង្សមាស របស់កំពូលតារាចម្រៀងព្រាប សុវត្ថិ ដោយសារតែការកាច់កុងគ្នាជាមួយលោកខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ ឡើយ។

លោកកៅ សីហា

លោកថា ពាក្យដែលឮថា ព្រាប សុវត្ថិ -ខេមរៈ សិរីមន្ដ មិនត្រូវគ្នា កាច់កុងគ្នានោះ លោកធ្លាប់ឮតែពីមហាជនលើកឡើងបែបនេះ ប៉ុន្តែតាមរយៈដែលលោកបានធ្វើការជាមួយព្រាប សុវត្ថិ ១០ឆ្នាំមកនេះ លោកមិនដែលឃើញព្រាប សុវតិ្ថ ទាល់គ្នាជាមួយតារាណាម្នាក់ទេ។

លោកសីហា បន្ថែមថា បើតាមលោកមើលឃើញសភាពជាក់ស្ដែង នៅពេលដែលរួមការងារជាមួយគ្នានោះ គឺព្រាប សុវត្ថិ -ខេមរៈ សិរីមន្ដ ស្រលាញ់គ្នាចាក់ទឹកមិនលិចនោះទេ ប៉ុន្ដែលោកថា នោះជាអ្វីដែលលោកឃើញដោយផ្ទាល់ ប៉ុន្តែលោកក៏មិនដឹងមូលហេតុពិតនៅក្រោយខ្នងយ៉ាងម៉េចដែរ។

លោកកៅ សីហា និងលោកព្រាប សុវត្ថិ

លោកបន្តថា កន្លងមក លោកធ្លាប់ដឹកនាំសម្ដែងបទចម្រៀងរបស់ព្រាប សុវត្ថិ ជាច្រើនបទ មានដូចជាបទ ”រៀបការថ្ងៃណា?” និងបទ ”ជ្រកភ្លៀង” ជាដើម ហើយអ្វីដែលចំណុចសំខាន់របស់លោកព្រាប សុវត្ថិ គឺគាត់ជាមនុស្សដែលគោរពពេលវេលាជាទីបំផុត គឺបើណាត់ធ្វើការម៉ោង៧ បានន័យថា លោកព្រាប សុវត្ថិ ទៅចាំតាំងពីម៉ោង៦ទៅហើយ។

លោកបន្តទៀតថា ១០ឆ្នាំដែលលោកធ្វើការនៅហង្សមាស នេះ ព្រាប សុវត្ថិ មិនដែលឈ្លោះគ្នាជាមួយតារានោះទេ។

គួររំឮកថា ព្រាប សុវត្ថិ បានក្លាយទៅជាតារាចម្រៀងផលិតកម្ម Galaxy Navatra ក្រោយចុះកុងត្រារយៈពេល៥ឆ្នាំ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ គឺមានន័យថា ព្រាប សុវត្ថិ នឹងនៅជាមួយផលិតកម្មថ្មីនេះ រហូតដល់ឆ្នាំ២០២៥។

ការចាកចេញពីហង្សមាស ទាំងមនុស្សជាច្រើនស្ទើរមិនគួរឲ្យជឿនោះ ត្រូវបានគេសង្ស័យថា ព្រា​ប សុវត្ថិ មិនចង់នៅ ”ភ្នំ១មានខ្លា២” ព្រោះកន្លងមកធ្លាប់តែលេចឮថា លោកនិងខេមរៈ សិរីមន្ដ ជាគូប្រជែងយ៉ាងស្វិតស្វាញបំផុត នៅរយៈពេល៥ឆ្នាំចុងក្រោយនេះ ហើយអ្នកទាំង២ មិនសូវត្រូវគ្នាឡើយ។

ប៉ុន្ដែព្រាប សុវត្ថិ បានអះអាងនៅថ្ងៃបង្ហាញខ្លួននៅផលិតកម្មថ្មីនោះថា លោកមិនដែលមានទំនាស់ជាមួយសិល្បករនិងសិល្បៈការិនីរូបណាឡើយ ហើយការចាកចេញដោយស្នាមញញឹមនោះ គឺលោកទៅដើម្បីរកបទពិសោធន៍ថ្មីក្នុងអាជីពចម្រៀង។

ឆ្លើយតបសំណួរថា តើព្រាប សុវត្ថិ នៅតែល្បីឬចុះខ្សោយជាងមុនពេលទៅផលិតកម្មថ្មីនោះ

លោកកៅ សីហា អះអាងថា ព្រាប សុវត្ថិ ឈានដល់កេរ្ដិ៍ឈ្មោះទាល់ទៅហើយ ព្រោះឡើងដល់ផុតគេ ហើយគាំងនៅត្រឹមហ្នឹង។ លោកថា​សួរគេគ្រប់គ្នាមើលថា តើអ្នកណាមិនស្គាល់ព្រាប សុវត្ថិ អីចឹងប្រៀបដូចប្រទេសដែលគេអភិវឌ្ឍន៍ដល់ចំណុចកំពូល មានដូចជា អាមេរិក, បារាំង ជាដើម គេរីកចម្រើនដល់កំពូលទៅហើយ អីចឹងគេនៅអភិឌ្ឍន៍អីទៀត?

លោកថា ពេលនេះគេអាចរង់ចាំមើលថា តើនៅផលិតកម្មថ្មីនោះ ព្រាប សុវត្ថិ នឹងមានបទចម្រៀងថ្មីល្បីទៀតដែរឬទេ? នេះជាអ្វីដែលគ្រប់គ្នារង់ចាំមើល តែបើថា កេរ្ដិ៍ឈ្មោះព្រាប សុវត្ថិ វិញ គឺល្បីផុតគេហើយ។

ព្រាប សុវត្ថិ បានច្រៀងនៅហង្សមាស រយៈពេល២៣ឆ្នាំ ដែលមានបទចម្រៀងដល់ទៅជាង៣០០០បទ ហើយចម្រៀងទាំងនោះល្បីស្ទើរគ្រប់បទទាំងអស់។

សំណួរដែលមហាជនចង់ដឹងថា តើក្រោយព្រាប សុវត្ថិ ទៅចាប់ផ្ដើមជាថ្មីនៅផលិតកម្ម Galaxy នោះ ខេមរៈ សិរីមន្ដ នឹងអាចយកតំណែងរបស់លោកនៅហង្សមាស បានដែរឬទេ?

                                                                   ហ៊ឹម វិចិត្រ

RELATED ARTICLES