ខេត្តពោធិ៍សាត់ ៖ យុវជនជាគ្រូពេទ្យមធ្យមម្នាក់ ត្រូវបានក្រុមគ្រួសារប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័មនៅលើគ្រែ ដោយសង្ស័យថា គាំងបេះដូង បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅចំណុចក្នុងផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិក្រាំងធំ ឃុំអូរសណ្តាន់ ស្រុកក្រគរ។

ជនរងគ្រោះមានឈ្មោះហេង វាសស្នា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាគ្រូពេទ្យមធ្យមនៃមន្ទីរពេទ្យបង្អែកស្រុកក្រគរ មានស្រុកកំណើតនៅភូមិជីចេះ ឃុំស្នាអន្សារ ស្រុកក្រគរ សព្វថ្ងៃស្នាក់នៅភូមិក្រាំងធំ ឃុំអូរសណ្តាន់ ស្រុកក្រគរ។
តាមការរៀបរាប់របស់ឈ្មោះហេង ពេចម៉ារ៉ា ភេទស្រី អាយុ២០ឆ្នាំ ត្រូវជាប្អូនជនរងគ្រោះ បានបំភ្លឺប្រាប់សមត្ថកិច្ចថា បងប្រុសរបស់នាង (ជនរងគ្រោះ) ជាកូនទី៥ ក្នុងចំណោមបងប្អូន៦នាក់ (ប្រុស១ ស្រី៥)។ នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ក្រោយពីបានហូបបាយជាមួយបងប្រុសរួចហើយ នាងបានចូលដេកក្នុងបន្ទប់ខាងក្នុង ចំណែកបងប្រុសដែលជាជនរងគ្រោះដេកនៅលើគ្រែខាងក្រៅ ដូចសព្វមួយដង។

លុះព្រឹកឡើង វេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ក្រោកពីដំណេកហាក់បីដូចឮសូរមានគេស្រែកហៅបងប្រុស (ជនរងគ្រោះ) ពីក្រៅផ្ទះ តែខ្លួនមិនឮបងប្រុសឆ្លើយតបវិញ ទើបនាងក៏បើកទ្វារចេញមកចាប់ជើងបងប្រុសអង្រួន ស្រាប់តែឃើញជើងគាត់ត្រជាក់ស្រិប លុះពេលបើកភួយដែលជនរងគ្រោះដណ្តប់មើល ទើបដឹងថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ក៏ផ្អើលឆោឡោស្រែកគេឱ្យជួយតែម្តង។
ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ បងប្រុសនាងពុំមានជំងឺអ្វីទេ គ្រាន់តែគាត់ធ្លាប់លេបថ្នាំបំបាត់ជាតិខ្លាញ់រុំបេះដូងតែប៉ុណ្ណោះ។

សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះបានស្លាប់នៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ក្រោយពីការពិនិត្យយ៉ាងយកចិត្តទុករបស់ក្រុមគ្រូពេទ្យនិងសមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង។
សាកសពត្រូវបានសមត្ថកិច្ច ប្រគល់ឱ្យសាច់ញាតិ និងក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕