ខេត្តកណ្តាល ៖ ក្រុមអ្នកញៀនល្បែងចាក់អ៊ុតអាប៉ោង៥នាក់ ដែលនគរបាលស្រុកស្អាង ដេញប៉ផាប់ចាប់ពភីង ទម្រាំចាប់ខ្លួនបាន ត្រូវបានលោកស្រីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ម្នាក់ ដោះលែងឱ្យមានសេរីភាពវិញ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០។

ជុំវិញការដោះលែងក្រុមអ្នកញៀនល្បែងស៊ីសងដែលសមត្ថកិច្ចបង្ក្រាបចាប់នេះ អ្នកសារព័ត៌មាន បានទាក់ទងទៅលោកទិន សុចិត្រា អ្នកនាំពាក្យអយ្យការ អមសាលាដំបូងខេត្តកណ្តាល ដើម្បីសុំការបំភ្លឺជាច្រើនលើកដែរ តែទូរស័ព្ទមិនមានអ្នកទទួល ។
បើតាមសមត្ថកិច្ចឱ្យដឹង កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១១និង៣០ នាទី នៅចំណុចខាងក្រោយផ្ទះ ង៉ោ រ៉េត ស្ថិតក្នុងភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល នគរបាលស្រុកស្អាង បានបង្ក្រាបករណីលេងល្បែងស៊ីសងអាប៉ោងមួយករណី។

សមត្ថកិច្ច បានអះអាងថា ជនសង្ស័យទី១-ឈ្មោះចុះ ថា អាយុ៥៥ឆ្នាំ, ទី២-ឈ្មោះឃឹម លី អាយុ៤២ឆ្នាំ, ទី៣-ឈ្មោះផេង ភាន់ អាយុ៥៣ឆ្នាំ, ទី៤-ឈ្មោះតុ ខ្លឹម អាយុ៥៥ឆ្នាំ និងទី៥-ឈ្មោះអូក បឿន អាយុ៥៥ឆ្នាំ ។

សមត្ថកិច្ចបានឱ្យដឹងដែរថា មុនឈានទៅបង្ក្រាបនិងឃាត់ខ្លួន មានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចថា មានគេលេងល្បែងស៊ីសង (អាប៉ោង) យ៉ាងគគ្រឹកគគ្រេង ទើបក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍តាលន់ សហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍ត្រើយស្លា និងកម្លាំងប្រជាការពារបានចុះដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យ ទាំងអស់ខាងលើ រួមនឹងវត្ថុតាងមួយចំនួន ហើយកសាងសំណុំរឿងបញ្ជូនទៅឱ្យតុលាការចាត់ការតាមច្បាប់៕