ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋបានរាយការណ៍មកថា កាស៊ីណូមួយកន្លែង ស្ថិតនៅខាងក្រោយច្រកអូររំដួល បានបើកលេងល្បែងស៊ីសងគ្រប់ប្រភេទយ៉ាងចំហ និងរលូន ដោយគ្មានអាជ្ញាធរ ឬសមត្ថកិច្ចមូលដ្ឋានណាហ៊ានចុះបង្ក្រាបនោះឡើយ ខណៈដែលជង្រុកល្បែងស៊ីសងមួយនេះបានជ្រកក្រោមស្លាកយីហោ កាស៊ីណូ។
កាស៊ីណូ ដែលបានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទខាងលើនេះ មានយីហោ ហ្គោល ខាសល្យ មានទីតាំងនៅត្រង់ចំណុចខាងក្រោយច្រកអូររំដួល ស្ថិតក្នុងភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។

តាមប្រភពពីប្រជាពលរដ្ធដែលជាអ្នកលក់ដូរប្រចាំថ្ងៃ នៅជាប់នឹងច្រកអូររំដួល ក្បែរកាស៊ីណូខាងលើ បានបង្ហើបប្រាប់កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ដោយសុំមិនបញ្ចេញឈ្មោះថា រាល់ថ្ងៃពួកគាត់បានសង្កេតឃើញមានមនុស្សចេញចូលទៅលេងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងកាស៊ីណូខាងលើ ចាប់ពីម៉ោង១និង៣០នាទីរសៀល រហូតដល់ម៉ោង៨យប់ក៏មានដែរ ហើយក្រុមអ្នកញៀនល្បែងទាំងនោះ គឺជាជនជាតិខ្មែរ តែម្តង និងតែងពពាក់ពពូនគ្នាចេញចូលកាស៊ីណូមួយនេះ ដូចផ្សារត្រីអ៊ីចឹង។
ប្រជាពលរដ្ឋខាងលើ បានបន្តថា តាមអ្វីដែលក្រុមអ្នកញៀនល្បែងទាំងនោះ ធ្លាប់លើកឡើង គឺនៅក្នុងកាស៊ីណូខាងលើ មានល្បែងស៊ីសងភ្នាល់លុយគ្រប់ប្រភេទ មានតាំងពីសង្វៀនបញ្ជល់មាន់ យូគី បៀអាប៉ោង និងលេងលុយធំៗណាស់ ហើយរាល់ការចូលទៅលេង តែងមានអ្នកចាំយកថ្លៃកៅអីជាស្រេចនៅច្រកមាត់ទ្វារចូលតែម្តង។

លោកសុង សុភ័ក្ត្រ អភិបាលស្រុកភ្នំព្រឹក បានរៀបរាប់ប្រាប់ថា កាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២០ បញ្ហារឿងកាស៊ីណូហ្គោលខាសល្យ មានលួចបើកលេងល្បែងស៊ីសងនេះ គឺលោកពុំបានដឹងទេ ហើយរូបលោកក៏ពុំមានសិទ្ធិអនុញ្ញាតិបើកឱ្យលេងដែរ។ បន្ទាប់មក លោកក៏និយាយយ៉ាងខ្លីថាជាប់រវល់ប្រជុំ រួចក៏ចុចបិទទូរស័ព្ទវិញបាត់ទៅ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ ប្រជាពលរដ្ឋរស់នៅក្បែរខាង បានសម្តែងនូវការមិនពេញចិត្តសោះឡើយ ចំពោះទីតាំងកាស៊ីណូដែលបង្កប់ទៅដោយជង្រុកល្បែងខាងលើនេះ ព្រោះមានបងប្អូនកូនក្មួយរបស់គាត់ខ្លះធ្លាក់ខ្លួនងប់នឹងល្បែងដកខ្លួនមិនរួចឡើយ រហូតដល់បំផ្លាញលុយកាក់ទ្រព្យសម្បត្តិគ្រួសារគ្មានសល់ ហើយពេលខ្លះឈានដល់ការកើតមានអំពើហិង្សា និងបទល្មើសឆក់ប្លន់ផ្សេងៗទៀតផង។

ជាមួយនេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខាងលើ បានសំណូមពរដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំក្នុងមូលដ្ឋាន មេត្តាចុះពិនិត្យករណីខាងលើនេះផង ព្រោះមិនមែនពាក់ព័ន្ធត្រឹមតែរឿងល្បែងស៊ីសងមួយមុខទេ តែបញ្ហាប្រឈមនៅត្រង់ថា រាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាល កំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ បែរជាកាស៊ីណូនេះហ៊ានបើកលេងយ៉ាងរំភើយ ជួបជុំមនុស្សម្នាមកពីគ្រប់ទិសទី មិនដឹងសមាសភាពខាងណាឱ្យពិតប្រាកដនោះទេ ចុះបើមានការឆ្លងជំងឺចេញពីប្រភពមួយនេះ តើនឹងមានអ្វីកើតឡើង?៕