Tuesday, September 23, 2025
Homeតារាខ្មែរតន់ ច័ន្ទសីម៉ា មានឱកាសចាប់ដៃលោកព្រាប សុវត្ថិ បានអត់?

តន់ ច័ន្ទសីម៉ា មានឱកាសចាប់ដៃលោកព្រាប សុវត្ថិ បានអត់?

តារាចម្រៀងតន់ ច័ន្ទសីម៉ា ជាអ្នកចម្រៀងស្រីស្នូលរបស់ផលិតកម្ម Galaxy Navatra ហើយនាងក៏ជាដៃគូចម្រៀងរបស់លោកខេម ផងដែរ។ ប៉ុន្ដែការមកដល់ផលិតកម្មថ្មីនេះរបស់កំពូលតារាចម្រៀងព្រាប សុវត្ថិ ធ្វើឲ្យគេនៅតែមានភាពស្រពេចស្រពិលនៅឡើយថា តើកញ្ញាតន់ ច័ន្ទសីម៉ា នឹងមានឱកាសបានច្រៀងឆ្លងឆ្លើយ និងថតសម្ដែងជាមួយអតីតកំពូលតារាចម្រៀងហង្សមាស រូបនេះដែរឬទេ?

អ្នកជំនាញសិល្បៈមួយចំនួនថា​ នៅលើអ្នកគ្រប់គ្រងផលិតកម្មមួយនេះ តម្រូវថា តើឲ្យសីម៉ា ចាប់ដៃជាមួយលោកព្រាប សុវត្ថិ នោះសមគ្នាទេ? ស៊ីគ្នាទេ?

ប៉ុន្ដែបើតាមអ្នកដឹកនាំសម្ដែងនៅហង្សមាស ម្នាក់ បានបង្ហើបថា ទោះជាព្រាប សុវត្ថិ ចុះកុងត្រានៅ Galaxy មែន តែមិនមែនមានន័យថា គេអាចបញ្ជាលើលោកបានគ្រប់យ៉ាងនោះទេ ពោលគឺបើលោកមិនពេញចិត្តច្រៀងបទណាមួយ ឬក៏មិនចង់ច្រៀងសម្ដែងជាមួយតារាចម្រៀងណាម្នាក់ ប្រហែលជាអ្នកដឹកនាំមិនហ៊ានជំទាស់លោកឡើយ។

លោកថា ទោះជាសីម៉ា ល្បីនៅផលិតកម្មថ្មីនេះមែន ប៉ុន្ដែនាងនៅក្មេងពេក មិនសូវសមគ្នាជាមួយលោកព្រាប សុវត្ថិ នោះទេ ហើយអ្នកដែលស័ក្តិសមបំផុតទាំងសំឡេង និងបទពិសោធន៍ជាមួយព្រាប សុវត្ថិ នោះ គឺមានតែមាស សុខសោភា ទេ។

លោកបន្ថែមថា ឈិត សុវណ្ណបញ្ញា ច្រៀង នៅហង្សមាស ១១ឆ្នាំ មិនមានឱកាសច្រៀងជាមួយព្រាប សុវត្ថិ ១បទផង អីចឹងច័ន្ទសីម៉ា ទើបល្បីប៉ុណ្ណឹង មិនដឹងថា ព្រាប សុវត្ថិ ព្រមធ្វើជាដៃគូជាមួយឬអត់នោះទេ?

តន់ ច័ន្ទសីម៉ា ជាអតីតបេក្ខភាព “The Voice Cambodia” រដូវកាលទី២ តែបានខ្ទាតចេញ ព្រោះមិនអាចតតាំងជាមួយលោកថែល ថៃ ធ្វើឲ្យនាងមិនមានឱកាសក្លាយទៅជាតារាចម្រៀងហង្សមាស ហើយបានត្រឹមច្រៀងនៅហាងវីហ្រេ្វន។

ប៉ុន្ដែការក្លាយទៅជាតារាចម្រៀងផលិតកម្ម Galaxy Navatra ធ្វើឲ្យសីម៉ា ប្រែប្រួលជីវិតស្ទើរតែទាំងស្រុង ហើយពេលនេះនាងក្លាយទៅជាតារាចម្រៀងល្បីវ័យក្មេង ក្រោមការជ្រោមជ្រែងពីអ្នកគ្រប់គ្រង និងនិពន្ធបទចម្រៀង លោកយឹម តាស្រង់។

យ៉ាងណា គេមិនទាន់ដឹងថា ផលិតកម្មនេះនឹងលើកស្រីស្រស់ថែមមួយក្រឺតទៀត តាមរយៈការរុញនាងឲ្យទៅធ្វើជាដៃគូចម្រៀងជាមួយព្រាប សុវត្ថិ ឬក៏ឱកាសនោះ នៅតែឆ្ងាយពីដៃនាងនៅឡើយ៕

RELATED ARTICLES