ឌុច សុភា ដែលធ្លាប់ត្រូវបានគេសរសើរថា នាងមានរូបសម្រស់ស្អាតពីធម្មជាតិ ហើយប្រុសណាឃើញក៏បេតីនាង ព្រោះមិនចេះកែកុនសម្រស់ដូចគេ មើលយូរកាន់តែល្អគន់នោះ ពេលនេះរូបសម្រស់របស់នាងពិតជាទៅតាមវ័យហើយ ដែលមិនអាចស៊ីដាច់គេដូចមុនទៀតទេ។

សុភា ឡើងគីឡូប្លែក ហើយសាច់របស់នាងមិនមែនម៉ដ្ឋខៃរលើបរលោងទៀតឡើយ ដែលសម្រស់ប្រែប្រួលបែបនេះ ធ្វើឱ្យនាងបាត់ឱកាសដល់ទៅ២ច្រក ក្នុងពេលតែមួយ ទី១. សុភា របូតតំណែងតួឯក មកធ្វើជាតួម្តាយ និងទី២. បាត់បង់ឱកាសក្តាប់តំណែងជំទាវពេញសិទ្ធិ។

ឌុច សុភា បានព្រមធ្វើជាតួម្តាយ ក្នុងភាពយន្តរឿង “ផ្កាថ្ម” និងរឿង “ខ្ញុំមានញាណលើស” ដែលនេះជាការព្រមទទួលស្គាល់ថា សម្រស់របស់នាងមិនដូចពីមុនទៀតឡើយ។
អ្វីដែលធ្វើឱ្យអ្នកមេម៉ាយរូបនេះកាន់តែតុកស៊ិកនោះ គឺនាងមិនត្រូវបានគូស្នេហ៍លាក់មុខដែលគេស្គាល់ថា ជាមន្ត្រីធំផ្កាយ២នោះ ស្រលាញ់នាង ១០០% ដូចមុនទៀតឡើយ ទើបបានជាលោកធំនោះព្រមព្រលែងនាងឱ្យវិលរកអាជីពចាស់វិញ កាលពីឆ្នាំ២០១៨ ក្រោយពីសុភា ជាប់ទ្រុងស្នេហ៍អស់ជាង៥ឆ្នាំ។

សុភា ដែលត្រូវភរិយាមន្ត្រីធំរូបនោះធ្លាប់បកអាក្រាតថា នាងយកប្តីគាត់នោះ ពេលនេះហាក់អស់ឱកាសប្រជែងយកតំណែងជំទាវពេញសិទ្ធិហើយ ព្រោះមន្ត្រីធំនោះងាកមកស្នេហ៍ស្និទ្ធភរិយាដើមវិញ និងមិនហ៊ានរៀបការជាចំហជាមួយសុភា ឡើយ ព្រោះខ្លាចឥទ្ធិពលប្រពន្ធដើម ធ្វើឱ្យលោកប្រឈម ធ្លាក់ពីអំណាច។
ទោះជាយ៉ាងណា លោកក៏មិនហ៊ានបណ្តែតបណ្តោយឱ្យសុភា ធ្លាក់ទៅដៃប្រុសណាផ្សេងនោះទេ ព្រោះថា លោកនៅតែមិនដាច់អាល័យស្នេហ៍អ្នកមេម៉ាយរូបនេះ បើទោះជាមិនងប់ងល់ស្នេហ៍ទាំងស្រុងដូចមុនក្តី។

ឌុច សុភា ក្រោយលែងលះប្តីមន្ត្រីប៉ូលិសច្រកព្រំដែនបាវិត ខេត្តស្វាយរៀង លោកពៅ សីហា ដោយចុះចេញតែខ្លួន និងបីកូនប្រុស ឈ្មោះខេនខេន ពីផ្ទះវីឡាស្កឹមស្កៃ ម្តុំផ្សារដីហុយ នោះ នាងត្រូវបានគេទម្លាយថា ទៅសាងស្នេហ៍ថ្មីជាមួយមន្ត្រីធំផ្កាយ២ម្នាក់ ដោយអាថ៌កំបាំង ជិត១០ឆ្នាំមកហើយ។
សុភា ត្រូវបានមិត្តភក្តិមួយចំនួនចាត់ទុកថា នាងមានសំណាង ព្រោះនាងរស់នៅផ្ទះវីឡាធំស្កឹមស្កៃនៅភូមិបឹងបៃតង សង្កាត់ភ្នំពេញថ្មី និងជិះរថយន្តទំនើប Range Rover ដែលមានតម្លៃជាង១០ម៉ឺនដុល្លារ។ ប៉ុន្តែនៅពេលដែលសុភា ជួបមិត្តភក្តិជិតដិតបំផុត នាងបែរជាយំខ្សឹកខ្សួលទឹកភ្នែក ដោយតូចចិត្តថា អភ័ព្វ ឬមិនមានសិទ្ធិសេរីភាពដូចពួកគេទៅវិញ ធ្វើឱ្យតារារួមអាជីពថ្ងូរអាណិតនាងគ្រប់គ្នា។

ទោះជាយ៉ាងណា នៅឆ្នាំ២០១៨ សុភា ត្រូវបានគូស្នេហ៍អនុញ្ញាតឱ្យនាងមានសិទ្ធិសម្តែងភាពយន្តឡើងវិញ ដែលធ្វើឱ្យមិត្តភក្តិនាងមួយចំនួន សាទរ។
សុភា អាចថតភាពយន្តបាន តែមិនអាចចូលរួមកម្មវិធីអ្នកសិល្បៈ តាមចិត្តចង់ និងមិនអាចផ្សារភ្ជាប់ស្នេហ៍ថ្មីបានឡើយ។ យ៉ាងណា ភាពហ៊ឺហារបស់នាងនៅតែត្រូវបានអ្នករួមអាជីពមួយចំនួន ស្ញប់ស្ញែងថា ជាមេម៉ាយមានទ្រព្យស្តុកម្នាក់ ដែលពេលនេះទោះជាសម្រស់របស់នាងមិនមែនលេខ១ ដូចមុនមែន ប៉ុន្តែបើសិនជាមន្ត្រីធំនោះព្រមដោះលែងស្នេហ៍ ច្បាស់ជាមានមន្ត្រីធំជាច្រើនផ្សេងទៀត រង់ចាំត្រងស្នេហានាងជាមិនខានឡើយ។

គេថា សុភា នៅតែអាចឆក់ឱកាសធ្វើជំទាវ បានដោយងាយ ប្រសិនបើនាងជ្រើសរើសគូស្នេហ៍ថ្មី៕