Tuesday, September 23, 2025
Homeតារាខ្មែរលោកបូរ តាំងហ៊ាង ស្រក់ទឹកភ្នែកថ្ងៃជប់លៀង មុនចេញមុខនៅផលិតកម្មថ្មី

លោកបូរ តាំងហ៊ាង ស្រក់ទឹកភ្នែកថ្ងៃជប់លៀង មុនចេញមុខនៅផលិតកម្មថ្មី

ម្ចាស់បទ ”បើបងបាត់ការចងចាំ” លោកបូរ តាំងហ៊ាង បានបង្ហូរទឹកភ្នែកជោគថ្ពាល់តែម្ដង នៅថ្ងៃដែលតារាចម្រៀងរូបនេះ ធ្វើពិធីជប់លៀង៥០តុ ត្រៀមលេចមុខនៅផលិតកម្មថ្មី និងសម្ពោធវង់តន្រ្ដីរបស់ខ្លួន កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅផ្ទះបស់លោកនៅជិតវត្តវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

លោកហ៊ាង ថា មូលហេតុដែលលោកមិនអាចទប់ទឹកភ្នែកជាប់ ដោយសារតែវង់តន្រ្ដីនោះ លោកបានបើកឲ្យឪពុករបស់លោកធ្វើជាថៅកែ ព្រោះគាត់មានជំនាញជាតន្រ្ដីករពហុជំនាញធ្វើការឲ្យគេជាច្រើនឆ្នាំមកហើយ តែអកុសលអី ពេលនេះលោកបានលាចាកចោលលោកតាំងពីថ្ងៃវង់តន្រ្ដីចេញរោងទី១ មកម្ល៉េះ ហើយពេលនេះត្រៀមធ្វើបុណ្យឲ្យឪពុកគម្រប់ខួប១០០ថ្ងៃ នាពេលខាងមុខនេះដែរ។

លោកហ៊ាង បន្តថា ឪពុកនិងម្ដាយរបស់លោកបានចេញទៅរស់នៅប្រទេសកូរ៉េ មួយរយៈ​ក្រោយមកឪពុកលោកមានជំងឺដោយសារតែប្រតិកម្មថ្នាំ ហើយបើទោះជាលោកយកគាត់ទៅព្យាបាលនៅពេទ្យជាច្រើនក្ដី ប៉ុន្ដែនៅតែមិនអាចជួយជីវិតឪពុកបានឡើយ ហើយគាត់ក៏ទទួលមរណៈភាពក្នុងអាយុ៤៥ឆ្នាំ ដែលធ្វើឲ្យលោកពិតជាមិនអស់ចិត្តទេ។
លោកបន្តទៀតថា ពេលបាត់បង់ឪពុក លោកមានអារម្មណ៍ឈឺចាប់ណាស់ ព្រោះមិនទាន់បានតបស្នងសងគុណឪពុក ហេតុនេះហើយលោកសូមផ្ដាំផ្ញើរដល់កូនប្រុសស្រីទាំងឡាយ ឲ្យយកចិត្តទុកដាក់បំផុតទៅលើឪពុកម្ដាយ ពិសេសគួរធ្វើអ្វីដែលល្អៗចំពោះអ្នកមានគុណទាំង២ កុំឲ្យមានវប្បដិសារីដូចរូបលោកដែលបាត់បង់ឪពុក ទាំងមិនទាន់បានសងគុណលោកនេះ។

លោកបូរ តាំងហ៊ាង ត្រូវបានគេស្គាល់ថា ជាម្ចាស់បទ ”បើបងបាត់ការចងចាំ” ហើយលោកជាម្ចាស់ជ័យលាភីសំនៀងឯក DP, អតីតបេក្ខភាព “The Idol” បេះដូងខ្មែរ” , “ពេជ្រកំពុងច្នៃ” និង “The Melody”។

តារាចម្រៀងវ័យក្មេងរូបសង្ហាររូបនេះ បានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកធនាគារនិងហិរញ្ញវត្ថុ ហើយពេលនេះក៏ជាតារាចម្រៀងនៅហាងវីហ្រេ្វនផងដែរ។ លោកថា ពេលចេញពីច្រៀងនៅពេលយប់នោះ លោកក៏ជាអ្នកលក់ផ្លែឈើនៅផ្សារនាគមាស ចាប់ពីម៉ោង១២យប់ រហូតដល់ភ្លឺ ដែលលោកបានប្រកបរបរនេះជាច្រើនឆ្នាំមកហើយ។

ទាក់ទងការធ្វើពិធីជប់លៀងត្រៀមលេចមុខនៅផលិតកម្មថ្មីមួយនោះ លោកបូរ តាំងហ៊ាង ដែលជាអ្នកនិពន្ធបទ​”អវិជ្ជា”​នោះ​ថាលោកបានត្រៀមបទចម្រៀងចម្រៀងជិត១០បទហើយ​នៅផលិតកម្មនោះ​តែលោកមិនទាន់អាចប្រាប់ឈ្មោះផលិតកម្មបានទេ​គឺចង់ឲ្យបងប្អូនមានការភ្ញាក់ផ្អើល​និងសង្ឃឹមថា​ពួកគាត់គាំទ្រ​ក្រោយគេស្គាល់លោកច្បាស់តាមរយៈបទ​”បើបងបាត់ការចងចាំ”។

លោកបញ្ជាក់ថា ទោះជាថ្ងៃក្រោយ ជោគជ័យអាជីពចម្រៀងនៅផលិតកម្មថ្មីនោះ ក៏លោកមិនបោះបង់អាជីពជាអ្នកលក់ផ្លែឈើរឡើយ៕

RELATED ARTICLES