ទោះជាពេលនេះ មាស សុខសោភា លែងជាតារាចម្រៀងរបស់ផលិតកម្មថោន ទៅហើយ ក្រោយនាងដើរចេញពីទ្រនំដែលនាងជ្រក ៩ឆ្នាំ តាំងពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ក្ដី តែផលិតកម្មមួយនេះនៅតែស្វាគមន៍សោភា វិលវិញគ្រប់វិនាទី។ នេះបើតាមការអះអាងរបស់អតីតអ្នកគ្រប់គ្រងផលិតកម្មថោន លោកករុណា ពេជ្រ នាពេលកន្លងមក។

ប៉ុន្ដែយ៉ាងណា បើមើលសកម្មភាពរបស់មាស សុខសោភា នៅពេលនេះ គឺនាងហាក់គ្មានបំណងដើរត្រឡប់ថយក្រោយនោះទេ ព្រោះចំណុចសំខាន់បំផុត គឺបងប្រុសរបស់នាង លោកមាស សុខរតនៈ បានបាត់បង់តំណែងជាអ្នកគ្រប់គ្រងផលិតកម្មនេះ តាំងពីមុននាងដើរចេញ៦ខែម្ល៉េះ។

អ្វីដែលគួរឲ្យកត់សម្គាល់នោះ មាស សុខសោភា ត្រូវបានផលិតកម្មស្ទើរតែទាំងអស់ចង់បាននាងទៅជាសមាជិករបស់គេ ប៉ុន្ដែក្នុងនោះភាគរយដែលខ្ពស់បំផុតនោះ គឺបែរជាផលិតកម្ម Galaxy Navatra ទៅវិញ ព្រោះក្រោយពីផលិតកម្មនេះទទួលបានកំពូលតារាចម្រៀងព្រាប សុវត្ថិ មកមានតារាល្បីៗជាច្រើនដួងទៀត ចង់ទៅរួមរស់ជាមួយទ្រនំថ្មីនេះដែរ ក្នុងនោះ មាស សុខសោភា កំពុងតែពិចារណាហើយ ព្រោះនាងអាចក្លាយទៅជាដៃគូចម្រៀងថ្មីជាមួយលោកព្រាប សុវត្ថិ។

អ្នកស្និទ្ធនឹងសោភា បានបង្ហើបឲ្យដឹងថា តារាចម្រៀងសំនៀងផ្អែមរូបនេះ គ្មានបំណងទៅច្រៀងនៅថោន វិញទេ ទោះជាផលិតកម្មនេះស្វាគមន៍នាង២៤ម៉ោងក្ដី ព្រោះពេលនេះនាងអាចទៅតាមព្រាប សុវត្ថិ ច្រើនជាងសម្លឹងមើលទៅផលិតកម្មផ្សេងទៀត។

មាស សុខសោភា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងនឹងមិនទៅចូលច្រៀងនៅផលិតកម្មណាឡើយ បើសិនជាផលិតកម្មនោះតម្រូវឲ្យមានកុងត្រា។ នាងថា តាំងពីនាងចាប់អាជីពចម្រៀងជាង១០ឆ្នាំមកនាងធ្លាប់ចុះកុងត្រាតែម្ដងគត់ រយៈពេល១ឆ្នាំនោះ គឺជាមួយផលិតកម្មសាន់ដេ។

នៅពេលដែលមាស សុខសោភា មិនទាន់បង្ហាញខ្លួននៅផលិតកម្មថ្មីនេះ គេឃើញនាងចេញបទចម្រៀងនៅផលិតកម្មផ្ទាល់ខ្លួន Camtrax ខណៈដែលចំណងស្នេហ៍១៣ឆ្នាំ ជាមួយអាណិកជនខ្មែរ មកពីកាណាដា លោកអ៊ឹត រ៉ាដា នៅតែស្ងាត់រឿងរៀបការដូចចោរលួចសេះ៕