Wednesday, May 21, 2025
Homeតារាខ្មែរអ្នកស្រីប៉ុល ពិសី ចំណាយ៥ម៉ឺនដុល្លារ សម្ពោធ ”ម្ចាស់ផ្ទាំងគំនូ” ដើម្បីលើកស្ទួយភាពយន្តខ្មែរ

អ្នកស្រីប៉ុល ពិសី ចំណាយ៥ម៉ឺនដុល្លារ សម្ពោធ ”ម្ចាស់ផ្ទាំងគំនូ” ដើម្បីលើកស្ទួយភាពយន្តខ្មែរ

​អ្នកស្រីប៉ុល ពិសី ដែលជាអតីតអ្នករបាំ និងតារាសម្ដែងអំឡុងឆ្នាំ១៩៨០នោះ បានក្លាយទៅជាម្ចាស់ផលិតកម្មPPS និងបានធ្វើពិធីសម្ពោធវណ្ណកម្មដំបូងរបស់ខ្លួន កាលពីល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ នៅរោងភាពយន្ដ Eden Garden (បឹងកក់) គឺរឿង ”ម្ចាស់ផ្ទាំងគំនូ”។

អ្នកស្រីពិសី បានឲ្យដឹងថា រឿងនេះចំណាយទុនផលិតអស់ទឹកប្រាក់ចំនួន៥ម៉ឺនដុល្លារ ហើយអ្នកស្រីមានភាពយន្ដ២រឿងទៀត ដែលត្រៀមដាក់បញ្ចាំងនាពេលខាងមុខនេះផងដែរ។

ម្ចាស់ផលិតកម្មរូបនេះ ក៏បានឲ្យដឹងដែរថា កន្លងមកអ្នកស្រីធ្លាប់សម្ដែងភាពយន្ដមួយចំនួន ដូចជារឿង ”រាជិនីដួងចិត្ត”, ”ឧត្តមដូងចិត្ត” និងរឿង ”ទឹកភ្នែកជ្រែកបំណង” ជាដើម។

អ្នកស្រីបានឲ្យដឹងថា ដោយសារតែការស្រលាញ់វិស័យភាពយន្ដ និងចង់លើកស្ទួយពីកុនខ្មែរ ទើបអ្នកស្រីបានត្រៀមថវិកាចំនួន១៥ម៉ឺនដុល្លារ ផលិតភាពយន្ដប្រកួតប្រជែងលើទីផ្សារហើយ បើទោះជាជោគជ័យ ឬមិនជោគជ័យយ៉ាងណានោះ ក៏អ្នកស្រីបានត្រៀមចិត្តកាយទុកជាមុនទៅហើយ។

អ្នកស្រីបន្ថែមថា ឆ្នាំនេះ លោកស្រីមានវ័យ៦០ឆ្នាំទៅហើយ អីចឹងចង់បន្សល់នូវស្នាដៃចុងក្រោយ ដើម្បីឲ្យកូនខ្មែរ បានឃើញនូវភាពយន្ដខ្មែរ ពិសេសគឺភាពយន្ដបុរាណដែលអ្នកស្រីផ្ដោតលើការផលិតជាចម្បង។

លោកហង្ស វណ្ណារ៉ា ជាអ្នកនិពន្ធនិងដឹកនាំសម្ដែង រឿង ”ម្ចាស់ផ្ទាំងគំនូ” ដែលជារឿងសម័យលាយបុរាណបានឲ្យដឹងថា រឿងនេះមានតារាសម្ដែងទាំងអស់ចូលរួមចំនួនជាង៥០តួ។ លោកថា ភាពយន្ដនេះ អ្នកស្រីប៉ុល ពិសី បានលះបង់ធនធានផ្ទាល់ខ្លួនដើម្បីលើកស្ទួយភាពយន្ដខ្មែរ ហើយដាក់បញ្ចាំងទាំងដែលកូវីដ-១៩ មិនទាន់ស្ងាត់។

លោកវណ្ណារ៉ា ថា រឿងនេះក៍មានការចូលរួមសម្ដែងពីអ្នកស្រីពិសី ផ្ទាល់ផងដែរ ហើយអ្នកស្រីសម្ដែងសមណាស់ ប៉ុន្ដែមុននឹងគាត់ចូលរួមសម្ដែងលោកមានការពន្យល់ច្រើនណាស់ ទើបគាត់យល់ព្រម ព្រោះគាត់ជាថៅកែផលិតកម្មទៅហើយ មិនចង់សម្ដែងខ្លួនឯងទេ។ លោកថា រឿងនេះដាក់បញ្ចាំងនៅរោងភាពយន្ដទំនើបដែលបើកទ្វារនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃនេះតទៅ ខណៈដែលនៅតាមបណ្ដាខេត្តវិញ រោងកុនណាដំណើរការ នឹងដាក់បញ្ចាំងដែរ៕

RELATED ARTICLES