Wednesday, August 27, 2025
Homeព័ត៌មានជាតិប្រាក់ឈ្នួលកម្មករ ឆ្នាំ២០២១ ដំឡើង១៩២ដុល្លារ

ប្រាក់ឈ្នួលកម្មករ ឆ្នាំ២០២១ ដំឡើង១៩២ដុល្លារ

ភ្នំពេញ ៖ នៅទីបំផុត  ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ-និយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២១ ត្រូវបានដំឡើងដល់ចំនួន១៩២ដុល្លារអាមេរិក ក្នុងមួយខែ ដោយចាប់អនុវត្ត​ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ តទៅ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលជាយន្តការត្រីភាគី និងមានសមាជិកជាតំណាងភាគីកម្មករ-និយោជិត ចំនួន១៧រូប, តំណាងភាគីនិយោជកចំនួន១៧រូប និងតំណាងភាគីរាជរដ្ឋាភិបាល ចំនួន១៧រូប បានបើកកិច្ចប្រជុំដំបូងនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ និងបានបន្តកិច្ចប្រជុំរហូតដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។

ក្រោយការពិភាក្សា ភាគីទាំងបី បានឯកភាពគ្នាជាឯកច្ឆន្ទៈគាំទ្រតួលេខ១៩០ (មួយរយកៅសិប) ដុល្លារអាមេរិក ជាតួលេខប្រាក់ឈ្នួលអប្បបរមា ក្នុងមួយខែ សម្រាប់កម្មករ-និយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២១។

ដូចនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានស្នើតួលេខចំនួន១៩០ (មួយរយកៅសិប) ដុល្លារអាមេរិក ជូនឯករដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធ្វើការពិនិត្យសម្រេចលើប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ-និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២១។

លោកអិុត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបន្ថែមទឹកប្រាក់ចំនួន ២ (ពីរ) ដុល្លារអាមេរិក លើទឹកប្រាក់ចំនួន១៩០ (មួយរយកៅសិប) ដុល្លារអាមេរិក។ ដូច្នេះចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ បងប្អូនកម្មករ-និយោជិតផ្នែកវាយនភណ្ឌកាត់ដេរនិងផលិតស្បែកជើង នឹងមានប្រាក់ឈ្នួលអប្បបរមាចំនួន១៩២ (មួយរយកៅសិបពីរ) ដុល្លារអាមេរិក ក្នុងមួយខែ ចំពោះកម្មករ-និយោជិតពេញសិទ្ធិ និងចំនួន ១៨៧ (មួយរយប៉ែតសិបប្រាំពីរ) ដុល្លារអាមេរិក ក្នុងមួយខែ ចំពោះកម្មករ-និយោជិតសាកល្បង។

ទន្ទឹមនឹងនេះ ប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដែលកម្មករ-និយោជិតធ្លាប់ទទួលបានកន្លងមក ត្រូវបានរក្សាទុកនៅដដែល មានដូចជា ប្រាក់សោហ៊ុយធ្វើដំណើរនិងស្នាក់នៅ ចំនួន៧ដុល្លារអាមេរិក ក្នុងមួយខែ, ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន១០ដុល្លារអាមេរិក ក្នុងមួយខែ, ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែមម៉ោងដោយស្ម័គ្រចិត្តចំនួន ២ ០០០រៀល ក្នុងមួយថ្ងៃ ឬការទទួលបានបាយមួយពេល ដោយឥតគិតថ្លៃ, និងប្រាក់រង្វាន់អតីតភាពការងារចំនួនពី២ដុល្លារអាមេរិក ដល់១១ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់កម្មករ-និយោជិតដែលបានធ្វើការចាប់ពីឆ្នាំទី២ ដល់ឆ្នាំទី១១។

ដូចនេះ ជាមធ្យម កម្មករ-និយោជិតម្នាក់ៗ នឹងទទួលបានប្រាក់បៀវត្សយ៉ាងតិចចំនួនពី ២០៩ (ពីររយប្រាំបួន) ដុល្លារអាមេរិក ដល់ ២២០ (ពីររយម្ភៃ) ដុល្លារអាមេរិក ក្នុងមួយខែ។

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះសម្តេចនាយករដ្ឋមន្ត្រី ដែលបានរក្សាសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម និងដាក់ចេញនូវកម្មវិធីកែទម្រង់នានា សំដៅរក្សាឱ្យបាននូវភាពប្រកួតប្រជែងនៃប្រទេស និងជាមូលដ្ឋានគ្រឹះក្នុងការទាក់ទាញទុនវិនិយោគថ្មី និងការងារថ្មីៗដល់ប្រជាពលរដ្ឋ ជាពិសេសការដាក់ចេញនូវកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល ចំនួន៥ជុំ ដើម្បីចូលរួមចំណែកបន្ធូរបន្ទុកការរស់នៅរបស់ប្រជាពលរដ្ឋ និងការជួយស្តារនិងជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងបរិការណ៍ក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

ក្រសួងក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្តេចនាយករដ្ឋមន្ត្រី ដែលបានសម្រេចផ្តល់ប្រាក់បន្ថែមចំនួន ២ (ពីរ) ដុល្លារអាមេរិក លើតួលេខដើមរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលការបន្ថែមនេះ នឹងរួមចំណែកធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូនកម្មករ-និយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង ក៏ដូចជាក្រុមគ្រួសារ កាន់តែមានភាពល្អប្រសើរឡើងជាងមុន។

ក្រសួងការងារ ក៏សូមថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវ និងកាន់តែមានភាពចាស់ទុំក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២១ នេះ៕

RELATED ARTICLES