ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់មានជំងឺរ៉ាំរ៉ៃប្រចាំកាយ ត្រូវបានកូនៗនាំទៅព្យាបាលនៅមន្ទីរពេទ្យ តែដោយសារអាការជំងឺធ្ងន់ និងត្រូវការលុយព្យាបាលច្រើន គ្មានលទ្ធភាព ស្រាប់តែកូនៗដឹកឪពុកចេញពីមន្ទីរពេទ្យ យកទៅទុកចោលតាមចិញ្ចើមផ្លូវ រួចនាំគ្នាចាកចេញទៅបាត់អស់ ទុកឱ្យឪពុកដែលកំពុងឈឺធ្ងន់ដេកដួលលើចិញ្ចើមផ្លូវគួរឱ្យសង្វេគ។
ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រមាណ ៧ព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៦អា ត្រង់ចំណុចស្ពានលេខ៣ ស្ថិតក្នុងភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។

បុរសដែលឈឺធ្ងន់ ត្រូវកូនដឹកយកមកបំបរបង់ចោលខាងលើ មានឈ្មោះគិត ឈាង អាយុ៧៥ឆ្នាំ មានលំនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។
តាមប្រភពព័ត៌មានពីស្ត្រីម្នាក់ ជាប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ គាត់បានធ្វើដំណើរទៅទិញអីវ៉ាន់ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញរថយន្តពណ៌ខ្មៅ១គ្រឿង មិនស្ពាល់ម៉ាក និងស្លាកលេខ ជិះគ្នា៦នាក់ (ប្រុស៣នាក់ ស្រី៣នាក់) បានមកឈប់នៅត្រង់ចំណុចខាងលើ រួចក៏បើកទ្វាររថយន្តនាំគ្នាសែងយកបុរសចំណាស់ខាងលើ ចេញពីរថយន្តឱ្យអង្គុយនៅបង់កន្លែងកើតហេតុ។

ឃើញបែបនេះ គាត់ក៏បានដើរទៅសួរនាំពួកគេ ស្រាប់តែពួកគេឆ្លើយថា ប្រញាប់ដឹកអ្នកដំណើរទៅស្រុក ហើយក៏ប្រញាប់ប្រញាល់នាំគ្នាចាកចេញចោលបុរសវ័យចំណា់នោះ នាំគ្នាឡើងរថយន្តឆ្ពោះទៅទិសខាងជើងបាត់ស្រមោលអស់។
តាមសម្តីរបស់បុរសវ័យចំណាស់ខាងលើ បានប្រាប់ថា ក្នុងចំណោមអ្នកដែលបានទុកគាត់ចោលនោះ មានកូនស្រីបង្កើតរបស់គាត់ចំនួន២នាក់ផងដែរ តែយ៉ាងណា លោកតាមិនបានប្រាប់ពីឈ្មោះរបស់ពួកគេ (កូនស្រី) នោះឡើយ។

លោកតា បានប្រាប់ទៀតថា គាត់មានជំងឺរលាកក្រពះ ពោះវៀន កម្រិតធ្ងន់ ត្រូវចំណាយប្រាក់រហូតដល់៣០០០ដុល្លារ ក្នុងការវះកាត់ព្យាបាល តែគាត់គ្មានលទ្ធភាពទេ។ លោកតាថា គាត់ត្រូវបានកូនដេញចេញពីផ្ទះ តែមិនប្រាប់ថា កូនឈ្មោះអី ជាអ្នកដេញគាត់ចេញនោះទេ។
ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ព្រែកលៀប បានចុះមកដល់ និងបានទាក់ហៅរថយន្តសង្គ្រោះមកដឹកបញ្ជូនបុរសចំណាស់ខាងលើ ទៅកាន់នៅមន្ទីពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះ។

ជុំវិញករណីខាងលើនេះ “នគរធំ» មិនទាន់អាចទាក់ទងសុំការបំភ្លឺពីកូនៗរបស់បុរសចំណាស់ខាងលើ បានទេ កាលពីម្សិលមិញ៕