ខេត្តកណ្តាល ៖ ជនសង្ស័យប្រុសស្រីចំនួន៣នាក់ កំពុងអង្គុយជុំគ្នាវេចខ្ចប់ថ្នាំញៀន ដើម្បីយកទៅលក់ឱ្យម៉ូយ ស្រាប់តែត្រូវសមត្ថកិច្ចចុះបង្ក្រាបបានជាក់ស្តែង និងរកឃើញថ្នាំញៀនសរុប៣៣កញ្ចប់ បែរជាក្រុមជនសង្ស័យបានព្យាយាមឆ្លើយដោះសាថា ថ្នាំញៀនទាំងនោះ ពួកគេរើសបាន តែយ៉ាងណាសមត្ថកិច្ចសម្រេចវ៉ៃខ្នោះជនសង្ស័យទាំង៣នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីជួញដូរសារធាតុញៀនដោយខុសច្បាប់ ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង២០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្ទះជនសង្ស័យឈ្មោះព្រុំ វណ្ណា ស្ថិតក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១- ឈ្មោះព្រុំ វណ្ណា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរមិនពិប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។ ទី២- ឈ្មោះគង់ សុធារិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ និងទី៣- ឈ្មោះព្រុំ ថាវី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។

រីឯវត្ថុតាងចាប់យក រួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ៣៣កញ្ចប់។ ទូរស័ព្ទដៃម៉ាក SAMSUNG ពណ៌ទឹកមាសចំនួន២គ្រឿង)។ ថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន។ នាឡិកាដៃចំនួន១។ ដែកកេះចំនួន២ រួមនិងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួនទៀត។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ កម្លាំងនគរបាលប៉ុស្ត៍ព្រែកហូរ បានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថា នៅចំណុចកើតហេតុខាងលើ មានការចែកចាយនិងជួញដូរថ្នាំញៀន លុះពេលកម្លាំងទៅដល់ចំណុចកើតហេតុខាងលើ ក៏ឃើញជនសង្ស័យកំពង់តែអង្គុយវេចខ្ចប់ និងរកឃើញថ្នាំញៀន ចំនួន៣៣កញ្ចប់ ទើបសម្រេចចាប់ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ ខាងលើតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជន សង្ស័យឈ្មោះព្រុំ វណ្ណា បានសារភាពថា ថ្នាំញៀននេះ ពិតជារបស់ខ្លូនដែលរើសបាននៅក្រោមដើមអម្ពិល ខាងក្រោយផ្ទះ។
ជនសង្ស័យទាំង ៣នាក់ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕