ភ្នំពេញ ៖ ជនសង្ស័យ២នាក់បានបើករថយន្ត១គ្រឿង ទៅធ្វើសកម្មភាពលួចរថយន្ត ១គ្រឿង លុះម្ចាស់រថយន្តប្តឹង សមត្ថកិច្ចចុះពិនិត្យតាមកាមេរ៉ាសុវត្ថិភាព ក៏កំណត់មុខសញ្ញា និងឈានដល់ការចាប់ខ្លួនជនសង្ស័យទាំង២នាក់ ព្រមទាំងដកហូតបានរថយន្ត ២គ្រឿង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ប៉ុស្តិ៍រដ្ឋបាលនគរបាលទួលទំពូង១ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ឈ្មោះវឹង មួយហួង ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរលក់កាហ្វេ មានលំនៅ ផ្ទះលេខ១២៨ ផ្លូវ៤៥០ ក្រុម១២ ភូមិ២ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ដោយបានប្តឹងថា បានបាត់រថយន្ត១គ្រឿង ម៉ាកតូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AO-7613 លេខតួ JTDKB20U667531463 លេខម៉ាស៊ីន 1NZU079537 នៅចំណុចលើចិញ្ចើមផ្លូវលេខ៤៥០ មុខផ្ទះរបស់ខ្លួន។

ភ្លាមៗនោះ សមត្ថកិច្ចក៏បានចុះដល់ទីតាំងកើតហេតុ និងបានពិនិត្យតាមរយៈការមេរ៉ាសុវត្ថិភាពមុខផ្ទះជនរងគ្រោះ ឃើញថា កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ មានជនសង្ស័យចំនួន ២នាក់ មិនស្គាល់អត្តសញ្ញាណ បើករថយន្ត ១គ្រឿង ម៉ាកតូយ៉ូតាព្រូស ពណ៌ស្ករ មិនស្គាល់ស្លាកលេខ មកធ្វើសកម្មភាពលួចយករថយន្តរបស់ជនរងគ្រោះចេញទៅបាត់។

បន្ទាប់មក កម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលទួលទំពូង១ សហការជាមួយកម្លាំងជំនាញខណ្ឌចំការមន និងកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះឆែកកាមេរ៉ាសុវត្ថិភាព នៅជុំវិញកន្លែងកើតហេតុ ក៏កំណត់បានមុខសញ្ញាជនសង្ស័យ រហូតដល់វេលាម៉ោង៧យប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ក៏ឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ ចំនួនពីរនាក់បានតែម្តង។
ក្នុងនោះជនសង្ស័យទី១ មានឈ្មោះឆាយ ម៉ងទីន ភេប្រុស អាយុ២៧ឆ្នាំ មានលំនៅមិនពិតប្រាកដ។ ចំណែកជនសង្ស័យទី២ មានឈ្មោះបាន ប៊ន ភេទប្រុស អាយុ២៧ឆ្នាំ មានលំនៅមិនពិតប្រាកដ នៅចំណុចបុរី លឹម ឈាងហាក់ ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ ព្រមទាំងដកហូតបានវត្ថុតាង រថយន្តចំនួន២គ្រឿង ម៉ាកតូយូតាព្រូស ពណ៌ស និងពណ៌ស្ករ ដែលជនសង្ស័យលួចបាននោះមកវិញ។

ជនសង្ស័យទាំងពីរនាក់ខាងលើ និងវត្ថុតាងរថយន្តទាំង២គ្រឿង ត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕