Tuesday, August 26, 2025
Homeតារាខ្មែរព្រាប សុវត្ថិ-ខេម ចេញមិនដូចគ្នា

ព្រាប សុវត្ថិ-ខេម ចេញមិនដូចគ្នា

ព្រាប សុវត្ថិ និងខេម ជាតារាចម្រៀងជ្រកនៅផលិតកម្ម Galaxy Navatra តែមួយ ក្រោយពីតារាទាំង២ បានដើរចេញពីផលិតកម្មចាស់រៀងៗខ្លួន គឺព្រាប សុវតិ្ថ ចេញពីហង្សមាស ខណៈដែលខេម ចេញពីថោន។

ប៉ុន្ដែបើក្រឡេកមើលកំពូលតារាចម្រៀងព្រាប សុវត្ថិ ក្រោយជ្រកកោននៅហង្សមាស រយៈពេល២៣ឆ្នាំ លោកចេញពីទ្រនំមួយនេះ ដោយសន្ដិវិធី ហើយនៅថ្ងៃប្រកាសបង្ហាញខ្លួននៅផលិតកម្មថ្មី កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នោះ ព្រាប សុវត្ថិ ជាតារាចម្រៀងម្នាក់ដែលអាចធ្វើជាគំរូគេដ៏ល្អសម្រាប់តារាផ្សេងៗទៀតបាន ព្រោះលោកបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំហង្សមាស​គ្រប់ផ្នែកទាំងអស់ដែលលោកបានរួមការងារជាមួយ រយៈពេលជាង២ទសវត្សន៍​ដោយជោគជ័យជាមួយគ្នានាពេលកន្លងមក។

ការបង្ហាញនូវសុជីវធម៌ល្អបែបនេះ ត្រូវបានមហាជនលើកឡើងថា ទោះជាថៅកែហង្សមាស អាក់អន់ស្រពន់ចិត្តជាមួយព្រាប សុវត្ថិ ដែលដើរចេញនោះមែន ប៉ុន្ដែគេជឿថា ថ្នាក់ដឹកនាំក្រុមហ៊ុនមួយនេះបានត្រជាក់ចិត្តទៅវិញបានខ្លះៗ​ នៅពេលដែលឮសាររបស់ព្រាប សុវត្ថិ ដោយសំដីទន់ភ្លន់បែបនេះ។

ប៉ុន្ដែក្រឡែកមើលអតីតតាតារាចម្រៀងខេម វិញ ទោះជាពេលនេះជម្លោះរបស់លោកជាមួយថ្នាក់ដឹកនាំថោន បានបញ្ចប់ទៅហើយក្ដី តែវាជាភាពចម្រូងចម្រាសដ៏ខ្លាំងក្លាមួយ ដែលមិនគួរកើតមាននៅក្នុងសង្គមសិល្បៈឡើយ។

ខេម ដែលត្រូវបានទស្សនិកជនចាត់ទុករូបគេថា ជាតារាចម្រៀងល្បីម្នាក់នោះ បានព្យាយាមនិយាយឌឺដងផ្លែផ្កាម្ដងហើយម្ដងទៀត ទៅថៅកែថោន ហើយរូបគេបានចាតទុកខ្លួនឯងប្រៀបដូចសត្វឆ្កែមួយក្បាលទៅវិញ ដែលភាសាបែបនេះ មិនសមប្រើចំពោះតារាល្បីឡើយ។

ទោះជាយ៉ាងណា ជម្លោះរវាងខេម និងថោន បានបញ្ចប់ទៅហើយ​ដោយគ្មានភាគីណាប្រឈមជាប់គុកដូចអ្នកនាងធី សុវណ្ណថា បារម្ភនោះឡើយ ព្រោះតែមានការអន្ដរាគមន៍ពីអ្នកពាក់ព័ន្ធដើម្បីឲ្យបញ្ចប់រឿងនេះ។ ប៉ុន្ដែមុននឹងខេម ផ្ទុះជម្លោះយ៉ាងក្ដៅគគុកជាមួយថៅកែថោន នោះ អតីតអ្នករត់ម៉ូតូឌុបក្លាយជាតារាល្បីរូបនេះ ធ្លាប់ផ្ដល់សម្ភាសន៍ជាមួយអ្នកយកព័ត៌មាន ”នគរធំ” ថា លោកមានជីវភាពផ្លាស់ប្ដូរដូចពេលនេះ គឺបានមកពីការក្លាយទៅជាតារាចម្រៀងថោន ហេតុនេះហើយលោកច្រៀងនៅថោនរហូតទាល់តែថៅកែដេញលែងឲ្យច្រៀងទើបព្រមចេញ។

យ៉ាងណា ការអះអាងរបស់ខេម គឺមានការផ្លាស់ប្ដូរចិត្ត៣៦០ដឺក្រេទៅហើយ ព្រោះតែថោន បានបែកបាក់ផ្ទៃក្នុងខ្លះៗ។

ចំពោះការចាកចេញពីហង្សមាស របស់លោកព្រាប សុវត្ថិ វិញ មានការសង្ស័យថា លោកមិនចង់នៅទ្រនំធំប្រៀបដូច ”ភ្នំ១ មានខ្លា២” ព្រោះតែធ្លាប់លេចឮថា​ លោកនិងខេមរៈ សិរីមន្ដ មិនសូវត្រូវគ្នា កាច់កុងគ្នា តែកំពូលតារាចម្រៀងរូបនេះ បញ្ជាក់ថា លោកមិនដែលមានទំនាស់ជាមួយតារារូបណាទេ។​លោកថា ការចេញពីហង្សមាស ចូល Galaxy Navatra ដើម្បីទទួលបទពិសោធន៍ថ្មីៗ។

មហាជនជាច្រើននៅតែចាត់ទុកថា ដើរចេញពីហង្សមាស របស់លោកព្រាប សុវត្ថិ អាចជាគំរូល្អមួយសម្រាប់តារាទូទៅ ព្រោះចេញដោយគ្មានជម្លោះជាមួយថៅកែផលិតកម្ម។ ប៉ុន្ដែក្រៅពីខេម កន្លងមក តារាចម្រៀងដែលចេញពីផលិតកម្ម​ហើយមានរឿងជាមួយថៅកែផលិតកម្មមាន ដូចជា លោកហ្សូណូ ដែលផ្ទុះជម្លោះក្ដៅគគុកជាមួយថៅកែផលិតកម្ម KH លោកគឹម ហេង និងលោកម៉ៅ ហាជី ដែលប្ដឹងប្តល់គ្នាដល់តុលាការ ជាមួយថៅកែហង្សមាស ជាដើម តែទីបំផុត នៅតែមានច្រកចេញ ដោយគេមិនទាន់ឃើញមានតារាចម្រៀងរូបណាជាប់គុក ព្រោះឈ្លោះគ្នាជាមួយថៅកែផលិតកម្មឡើយ។

ចំណែកលោកព្រាប សុវត្ថិ និងខេម វិញ នៅពេលនេះក្លាយជាតារាចម្រៀងស្នូលរបស់ផលិតកម្ម Galaxy Navatra បើទោះជាមុននេះ ព្រាប សុវត្ថិ ចេញបទបើកឆាក ”ខែភ្ជុំ ជ្រូកយំពេញទ្រុង” ធ្វើឲ្យអ្នកគាំទ្រភាគច្រើនខកចិត្តក្ដី តែអ្នកជំនាញសិល្បៈថា កុំទាន់អាចវាយតម្លៃបទទី១ របស់អតីតតារាចម្រៀងហង្សមាស ថា នៅតែខ្លាំង ឬចុះខ្សោយនៅពេលនេះអី រង់ចាំមើលពី៣ខែទៅ១ឆ្នាំសិន ទើបដឹងច្បាស់៕ ហ៊ឹម វិចិត្រ

RELATED ARTICLES