Tuesday, August 26, 2025
Homeព័ត៌មានជាតិស្ត្រីជាភរិយាស្តាយជាខ្លាំង ក្រោយពេលប្តីទៅដាក់ស្មៅឲ្យគោស៊ី ទាំងភ្លៀង

ស្ត្រីជាភរិយាស្តាយជាខ្លាំង ក្រោយពេលប្តីទៅដាក់ស្មៅឲ្យគោស៊ី ទាំងភ្លៀង

ខេត្តកំពត ៖ បុរសម្នាក់បានចុះពីលើផ្ទះទៅដាក់ស្មៅឱ្យគោស៊ីនៅក្នុងក្រោល ទាំងដែលមេឃកំពុងធ្លាក់ភ្លៀងខ្លាំង ស្រាប់តែត្រូវរន្ទះបាញ់ចូលក្រោលគោ បណ្តាលឱ្យបុរសជាម្ចាស់គោស្លាប់នៅនឹងកន្លែង ចំណែកសត្វគោ៣ក្បាល នៅក្នុងក្រោល ក៏បានងាប់ផងដែរ។

ហេតុការណ៍ខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ៧និង៤៥នាទីយប់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចក្រោលគោ ក្បែរផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិបុស្សត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ។

លោកវរសេនីយ៍ទោ ស៊ូ ប៊ុនធឿន អធិការនគរបាលស្រុកទឹកឈូ បានឱ្យដឹងថា បុរសរងគ្រោះដែលត្រូវរន្ទះបាញ់ស្លាប់ មានឈ្មោះហាវ ជឿន អាយុ៤១ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

លោកអធិការ បានរៀបរាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ៧និង៤៥នាទីយប់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ស្របពេលដែលមេឃកំពុងធ្លាក់ភ្លៀងខ្លាំង លាយឡំដោយផ្គររន្ទះផងនោះ ជនរងគ្រោះបានដើរចុះមកពីលើផ្ទះរបស់ខ្លួនទៅដាក់ស្មៅឱ្យគោស៊ី។ លុះពេលចូលទៅដល់ក្នុងគ្រោលគោ កំពុងដាក់ស្មៅឱ្យគោស៊ី ស្រាប់តែកើតមានបាតុភូតរន្ទះបាញ់បណ្តាលឱ្យជនរងគ្រោះស្លាប់ភ្លាមៗមួយរំពេច ចំណែកគោ៣ក្បាល នៅក្នុងក្រោល ក៏បានងាប់នៅនឹងកន្លែងផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ប្រាកដមែន។

សពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកសពគោ ទុកឲ្យម្ចាស់ចាត់ចែងតាមតម្រូវការ៕

RELATED ARTICLES